យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ បានចុះទៅកសិដ្ឋានគោនៅខេត្តកំពង់ស្ពឺ ដើម្បីជួយរកទីផ្សារសាច់ និងលាមកគោជូនម្ចាស់កសិដ្ឋាន។
ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម បានជួយសម្រួលដល់កសិដ្ឋានតាមរយៈការនាំម្ចាស់ក្រុមហ៊ុន i7 មកជួយគាំទ្រទីផ្សារផ្នែកសាច់ និងនាំម្ចាស់ក្រុមហ៊ុនយន់ មកទិញលាមកគោទាំងអស់។ ដោយសារកន្លងមកកសិដ្ឋាននេះ ក្រៅពីចែកឱ្យកសិករក្នុងភូមិ មិនទាន់បានយកលាមកគោមកកែច្នៃអ្វីទេ ដែលជាហេតុបណ្តាលឱ្យលាមកគោនៅសល់ច្រើន ប៉ះពាល់ដល់សុខភាពសត្វ និងបង្កក្លិនមិនល្អដល់បរិស្ថានរស់នៅផងដែរ។
កសិដ្ឋានគោ ហេង ស៊ុន នៅខេត្តកំពង់ស្ពឺ មានគោសរុបចំនួន ៦០០ក្បាល ដែលក្នុង១ខែ កសិករទិញនិងលក់បានជាង ១០០ក្បាល។ អ្វីដែលកាន់តែពិសេស កសិដ្ឋាននេះ មានសមត្ថភាពគ្រប់គ្រាន់ដែលអាចបំប៉នគោ ដែលទិញពីកសិករមក ត្រឹមតែរយ:ពេល៣ខែ គឺអាចលក់បានថែមទៀតផង៕





ប្រភព៖ ក្រសួងព័ត៌មាន


