យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន លោកស្រី ឃី មុន្នី អគ្គនាយិការងក្រុមហ៊ុននាំចេញអង្ករ Amru Rice Cambodia បានបញ្ជាក់ឲ្យដឹងថា ពេលនេះជាឱកាសរបស់ក្រុមហ៊ុននេះដើម្បីបន្ថែមផលិតផលកែច្នៃសម្រាប់នាំចូលទៅកាន់ទីផ្សារធំអឺរ៉ុប។
លោកស្រីបានបញ្ជាក់ថា ក្រុមហ៊ុននាំចេញអង្ករ Amru Rice មានផលិតផលកែច្នៃចំនួន ២ប្រភេទទៀត បានត្រៀមសម្រាប់នាំចូលទៅកាន់ទីផ្សារធំនេះ។
លោកស្រីបានឱ្យដឹងថា សម្រាប់ក្រុមហ៊ុននាំចេញអង្ករ Amru Rice ដែលបាននាំអង្ករខ្មែរទៅទីផ្សារលក់រាយផ្សារទំនើបនៅក្នុងសហគមន៍អឺរ៉ុប និងអាមេរិកទទួលបានការគាំទ្រខ្លាំង ក្រុមហ៊ុនក៏ទើបតែសម្លឹងមើលឱកាសផ្សេងៗដើម្បីផ្សារភ្ជាប់ផលិតផលកសិកម្មរបស់ខ្មែរយើង ដែលអាចយកទៅលក់ក្រៅពីអង្ករ ដែលជំហានបន្ទាប់នេះ គឺគ្រាប់ស្វាយចន្ទី និងគុយទាវខ្មែរ របស់យើងដែលអាចឈានជើងចូ លក់នៅក្នុងទីផ្សារទំនើបៗទាំងអស់នោះ។ តែជាដំបូង យើងត្រូវចាប់ផ្តើមកសាងស្តង់ដារអោយផលិតផលខ្មែររបស់យើងដែលមានលទ្ធភាពប្រកួតប្រជែងនៅលើទីផ្សារ និងមានការទុកចិត្តពីអតិថិជន។ ដោយសារតែ ផ្សារនីមួយៗតែងមានតម្រូវការអោយក្រុមហ៊ុនផលិតត្រូវតែយកស្តង់ដារអោយបាន មុនគេទទួលទិញយកទៅដាក់លក់ក្នុងហាងរបស់គេ។
សូមបញ្ជាក់ថា ផែនការនាំចេញផលិតផលសម្រេចទៅលក់នៅបណ្តាប្រទេសអឺរ៉ុបនេះ បានធ្វើឡើង គឺបន្ទាប់ពីក្រុមហ៊ុន អេមរុរ៉ាយស៍ បានប្រើពេលវេលាជាយូរឆ្នាំហើយ បានក្លាយទៅជាក្រុមហ៊ុនទី១ នៅកម្ពុជាដែលទទួលបានការបញ្ជាក់គុណភាពស្តង់ដារស្រូវប្រកបដោយនិរន្តរភាព (SRP) ចំណាត់ថ្នាក់ខ្ពស់បំផុត កម្រិត៣ (SRP Verified Level 3″ ) ដែលលទ្ធផលនេះបានបើកទ្វារអោយក្រុមហ៊ុនអេមរុរ៉ាយស៍ នាំអង្ករចូលទៅកាន់ទីផ្សារអឺរ៉ុប។
សូមបញ្ជាក់ដែរថា មុនដណ្តើមបានទីផ្សារអឺរ៉ុបនេះ ក្រុមហ៊ុនអេមរុរ៉ាយស៍ បាននិងកំពុងនាំចូលអង្ករទៅកាន់ប្រទេសដាណាម៉ាកប្រទេសហូឡង់ ប្រទេសអង់គ្លេស. ប្រទេសអូស្ត្រាលី. ប្រទេសបារាំង ប្រទេសហ្វាំងឡង់ ប្រទេសអ៊ីតាលី និងសហរដ្ឋអាមេរិក រួចហើយ។
ការនាំគ្រាប់ស្វាយចន្ទីរទៅទីផ្សារអឺរ៉ុបនេះ នឹងជួយបើកច្រកទីផ្សារដ៏ធំសម្រាប់កសិករធ្វើចំការស្វាយចន្ទីខ្មែរ ដែលរហូតមកទល់ពេលនេះលក់ចេញអោយបានតែចំពោះឈ្មួញកណ្តាល ពីប្រទេសជាប់របង ដែលទិញពីចំការខ្មែរហើយកែច្នៃយកទៅលក់បន្តនៅប្រទេសទី៣៕




ប្រភព៖ ក្រសួងព័ត៌មាន


