សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា ក្រុមហ៊ុនរថយន្ដអគ្គិសនី BYD នឹងមកបណ្ដាក់ទុនបើករោងចក្រនៅកម្ពុជា
សេដ្ឋកិច្ច June 27, 2024 Khmernote

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរសាទរ ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ ២៧ មិថុនា ដែលរៀបចំដោយសមាគមមូលនិធិសម្ដេចតេជោ។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុន BYD ដែលល្បីខាងផលិតរថយន្តប្រើថាមពលអគ្គិសនី គ្រោងនឹងបើកដំណើរការរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុននេះនៅកម្ពុជានាពេលឆាប់ៗខាងមុខ។

សម្តេចធិបតីនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា៖ «ក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនឡានអគ្គិសនីរបស់ចិនមួយ នឹងគ្រោងមកដាក់ទុនដើម្បីរៀបចំបើកក្រុមហ៊ុនផលិតរថយន្តនៅកម្ពុជា ដែលនេះជាភាពជោគជ័យមួយ។ បងប្អូនដឹងហើយ BYD ធំ ហើយបច្ចុប្បន្នយើងមានក្រុមហ៊ុនដូចជា (ford, ក្រុមហ៊ុន Toyota, ក្រុមហ៊ុន Hyundai…) ហើយឥឡូវនេះ BYD នឹងមកសុំបើករោងចក្រផលិតនៅកម្ពុជា ដែលនេះ យើងហៅថា ពង្រីកធ្វើពិតកម្មនៃទំហំសេដ្ឋកិច្ចរបស់យើង ចឹងគឺសង្វាក់ផលិតកម្ម »។

ជាមួយគ្នានោះ សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា ក៏បានបង្ហាញក្តីសង្ឈឹមថា ថ្ងៃក្រោយក្រុមហ៊ុនធំៗដែលមកវិនិយោគនៅកម្ពុជា នឹងផ្សារភ្ជាប់ជាមួយក្រុមហ៊ុនធុនកណ្តាល និងធុនតូចរបស់យើង នៅកម្ពុជា ដើម្បីជាសង្វាក់ផ្គត់ផ្គង់ផងដែរ៕