រោងចក្រផលិតម៉ូតូ ហុងដា នៅរាជ​ធានី​ភ្នំពេញ មានសមត្ថភាពផលិតម៉ូតូហុងដាឌ្រីមចំនួន ១,៥០០ គ្រឿងក្នុងរយៈពេល ៨ម៉ោង និងចែកចាយទូទាំងប្រទេសជំនួសឱ្យការនាំចូល
សេដ្ឋកិច្ច June 25, 2024 Khmernote

រោងចក្រផលិតម៉ូតូ ហុងដា នៅរាជ​ធានី​ភ្នំពេញ មានសមត្ថភាពផលិតម៉ូតូហុងដាឌ្រីមចំនួន ១,៥០០ គ្រឿងក្នុងមួយវេន (៨ម៉ោង) មានបណ្ដាញចែកចាយនៅទូទាំងប្រទេសកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នេះ។

នៅលើផេកផ្លូវការ ក្រសួងឧស្សាហកម្ម បានឱ្យដឹងថា កាលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍ បានធ្វើទស្សនកិច្ចនៅរោងចក្រផលិតម៉ូតូ ហុងដា នៅរាជ​ធានី​ភ្នំពេញ។ ឯកឧត្តម​បានកោតសរសើរក្រុមហ៊ុនចំពោះនវានុវត្តន៍ ការផលិតក្នុងស្រុកជំនួសការនាំចូល និងបច្ច័យសេដ្ឋកិច្ចរបស់ក្រុមហ៊ុនសម្រាប់កម្ពុជា។

ក្នុងដំណើរទស្សនកិច្ចនេះ តំណាងក្រុមហ៊ុន ហុងដា បានបង្ហាញទិដ្ឋភាពទូទៅ​នៃខ្សែច្រវាក់ផលិត​កម្ម​របស់ក្រុមហ៊ុន ដោយបង្ហាញដំណើរការផលិត ពីការសង្កត់ពុម្ព និងការផ្សារគ្រឿងបង្គុំ រហូតដល់ការជ្រលក់ថ្នាំ និងផ្គុំដំឡើង។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នរោងចក្រមានសមត្ថភាពផលិតម៉ូតូហុងដាឌ្រីមចំនួន ១.៥០០ គ្រឿងក្នុងមួយវេន (៨ម៉ោង)។ មកទល់ពេលបច្ចុប្បន្ន ក្រុមហ៊ុន ហុងដា បានផលិតម៉ូតូជាង ៤,៣ លានគ្រឿង និងមានបណ្តាញចែកចាយដ៏ទូលំទូលាយនៅទូទាំងប្រទេស៕

អត្ថបទ៖ លីនី