យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ធនាគារពិភពលោកកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បានអនុម័តការវិនិយោគថ្មីមួយទៀតសម្រាប់គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកនៅកម្ពុជា។គម្រោងនេះក្រោមជំនួយឥណទានចំនួន ១៤៥ លានដុល្លារអាមេរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) របសើធនាគារ ពិភពលោក “គម្រោងកែលម្អសន្តិសុខទឹកនៅកម្ពុជា” (Cambodia Water Security Improvement Project) នឹងធ្វើឱ្យសន្តិសុខទឹកកាន់តែមានភាពប្រសើរឡើង, ជួយបង្កើនផលិតភាពកសិកម្ម និងកសាងភាពធន់ទៅនឹង ហានិភ័យអាកាសធាតុ។
តាមសេចក្តីប្រកាសរបស់ធនាគារពិភពលោកបានឳ្យដឹងថា គេរំពឹងថា គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ ដល់ប្រជាជនជាង ១១៣ ០០០នាក់។
លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ “គម្រោង នេះនឹងជួយប្រទេសកម្ពុជាឱ្យមានសន្តិសុខទឹកប្រកបដោយចីរភាព និងសម្រេចបានផលិតភាពកសិកម្មកាន់តែ ច្រើន”។ លោកស្រីមានប្រសាសន៍បន្ថែមថា៖ “ការវិនិយោគនៅពេលនេះទៅលើភាពធន់ទៅនឹងអាកាសធាតុ, ការធ្វើផែនការ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែប្រសើរឡើង មិនត្រឹមតែអាចឆ្លើយតបបានភ្លាមៗទៅ នឹងតម្រូវការទឹករបស់កសិករ និងគ្រួសារកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ការផ្តល់ សេវាទឹករយៈពេលវែង ផងដែរ។”
ទោះបីជាប្រទេសកម្ពុជាមានប្រភពទឹកច្រើនក៏ដោយ ភាពខុសគ្នានៃការធ្លាក់ភ្លៀងតាមរដូវ និងតាមតំបន់នៅក្នុង ប្រទេស បានបង្កបញ្ហាប្រឈមជាច្រើនដល់ការផ្គត់ផ្គង់ទឹកនៅក្នុងទីក្រុង និងនៅតាមទីជនបទ។ ព្យាករណ៍ អាកាសធាតុបានឱ្យដឹងថា ទឹកជំនន់ និងភាពគ្រោះរាំងស្ងួត នឹងមានកាន់តែញឹកញាប់ និងសភាពកាន់តែធ្ងន់ធ្ងរ ដែលដាក់សម្ពាធកាន់តែខ្លាំងទៅលើសមត្ថភាពរបស់ប្រទេស ក្នុងការគ្រប់គ្រងធនធានទឹកសាបរបស់ខ្លួន។ បញ្ហានេះនឹងជះឥទ្ធិពលទៅលើផលិតកម្មស្បៀង និងកំណើនសេដ្ឋកិច្ច។
គម្រោងនេះនឹងត្រូវអនុវត្តក្នុងរយៈពេលប្រាំឆ្នាំ ដោយក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ។ គម្រោងនឹងពង្រឹងការគ្រប់គ្រងធនធានទឹក តាមរយៈការពង្រីកស្ថានីយជលសាស្ត្រ, ការ ធ្វើបច្ចុប្បន្នភាពគោលនយោបាយ និងបទប្បញ្ញត្តិ, ការរៀបចំផែនការគ្រប់គ្រងអាងទន្លេដែលមានព័ត៌មានអំពី អាកាសធាតុ និងការពង្រឹងការបំពេញមុខងាររបស់អាជ្ញាធរទឹកថ្នាក់ជាតិ និងថ្នាក់ខេត្ត។
ធនាគារពិភពលោកបញ្ជាក់ថា ប្រព័ន្ធផ្គត់ផ្គង់ទឹកសម្រាប់គ្រួសារ និងប្រព័ន្ធធារាសាស្ត្រ នឹងត្រូវបានស្ដារឡើងវិញ និងកែលម្អឱ្យប្រសើរឡើង ហើយសហគមន៍កសិករអ្នកប្រើប្រាស់ទឹកនឹងទទួលបានការបណ្តុះបណ្តាល និងជំនួយបច្ចេកទេសតាមរយៈ គម្រោង សម្រាប់ធ្វើប្រតិបត្តិការ និងការថែទាំហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានកែលម្អឡើងវិញ។ តាមរយៈ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ជាតិ និងថ្នាក់ខេត្ត វិធានការនានានឹងត្រូវធ្វើឡើងដើម្បីជួយកសិករឱ្យ ចេះចាប់យកបច្ចេកវិទ្យាឆ្លាតវៃអាកាសធាតុ សម្រាប់បង្កើនផលិតភាព និងកាត់បន្ថយការបំភាយឧស្ម័ននៅ ក្នុងវិស័យកសិកម្ម។
សូមជម្រាបថា កាលពីថ្ងៃទី២០ ខែមិថុនាក្រុមប្រឹក្សានាយកនៃធនាគារពិភពលោកក៏បានសម្រេច អនុម័តលើកញ្ចប់ឥណទានតម្លៃ ២៧៥ លានដុល្លារអាមេរិក សម្រាប់ជួយទ្រទ្រង់ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការជំរុញកំណើន និងភាពធន់របស់សេដ្ឋកិច្ចក្នុងរយៈពេលវែងឆ្ងាយទៅមុខផងដែរ៕


ប្រភព៖ ក្រសួងព័ត៌មាន


