ធនាគារពិភពលោក អនុម័តហិរញ្ញប្បទានថ្មីចំនួន ២៧៥លានដុល្លារ សម្រាប់ជួយទ្រទ្រង់ដល់កម្ពុជា ក្នុងការជំរុញកំណើន និងភាពធន់របស់សេដ្ឋកិច្ច
សេដ្ឋកិច្ច June 21, 2024 Khmernote

ក្រុមប្រឹក្សានាយកនៃធនាគារពិភពលោក កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ បានអនុម័តលើកញ្ចប់ឥណទានតម្លៃ ២៧៥ លានដុល្លារអាមេរិក សម្រាប់ជួយទ្រទ្រង់ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការជំរុញកំណើន និងភាពធន់របស់សេដ្ឋកិច្ច ក្នុងរយៈពេលវែងឆ្ងាយទៅមុខ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ធនាគារពិភពលោក បានឱ្យដឹងថា ហិរញ្ញប្បទាននេះ ដែលមានប្រភពមកពីមូលនិធិមានអត្រាការប្រាក់ទាបរបស់សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ នឹងត្រូវបានយកទៅប្រើប្រាស់សម្រាប់ជំរុញកំណែទម្រង់ សំដៅលើកកម្ពស់ភាពប្រកួតប្រជែងនៃផ្នែក ឯកជន, ពង្រឹងជំហរសារពើពន្ធរបស់ប្រទេស និងផ្តល់ជំនួយដល់ក្រុមប្រជាជនងាយរងគ្រោះបំផុត។

ឥណទាននេះ គឺសម្រាប់គម្រោងដំណាក់កាលទី២ ស្តីពី ហិរញ្ញប្បទានសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា និងការរៀបចំគោលនយោបាយអភិវឌ្ឍន៍មានភាពធន់ (Second Cambodia Growth and Resilience Development Policy Financing) ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលនៅរារាំងកិច្ចខិតខំរបស់កម្ពុជា ក្នុងការរើបម្រះខ្លួនចេញពីឥទ្ធពលញាំញីរ៉ាំរ៉ៃមកលើសេដ្ឋកិច្ច ពីសំណាក់ជំងឺរាតត្បាតកូវីដ-១៩។ ឥណទានថ្មី នេះបន្ថែមពីលើឥណទានតម្លៃ ២៧៤ លានដុល្លារអាមេរិក ដែលត្រូវបានផ្តល់ក្នុងឆ្នាំ២០២២ សម្រាប់គម្រោងដដែលនេះ នៅក្នុងដំណាក់កាលទី១ (first Cambodia Growth and Resilience Development Policy Financing)។

លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ “បន្ទាប់ពីបានស្តារខ្លួនចេញពីផលជះនៃជំងឺរាតត្បាតកូវីដ-១៩ និងពីស្ថានការណ៍អង្រួនកន្ត្រាក់ក្រោយមកទៀត ពេលនេះកម្ពុជាកំពុងបង្វែរការផ្តោតកិច្ចខិតខំរបស់ខ្លួន ឆ្ពោះទៅសម្រេចឱ្យបាននូវកំណើនសេដ្ឋកិច្ចថេរមានគុណ ភាពខ្ពស់”។

លោកស្រី បានបន្ថែមទៀតថា៖ “ឥណទានថ្មីនេះនឹងជួយជំរុញភាពប្រកួតប្រជែងនៃផ្នែកឯកជន, ពង្រឹងជំហរសារពើពន្ធរបស់រដ្ឋាភិបាល និងផ្តល់ជំនួយដល់ពលរដ្ឋកម្ពុជាដែលងាយរងគ្រោះបំផុត។”

ការរាតត្បាតជំងឺកូវីដ-១៩ បានធ្វើឱ្យសេដ្ឋកិច្ចរបស់កម្ពុជាធ្លាក់ចុះកំណើនជាលើកដំបូង ក្នុងរយៈ២៥ឆ្នាំ ហើយ ការធ្លាក់ចុះនេះមានសភាពធំធេងគួរសម នៅក្នុងចំណោមតំបន់អាស៊ីបូព៌ា។ បច្ចុប្បន្ន សេដ្ឋកិច្ចបានស្តារ ស្ថានភាពប្រសើរឡើងវិញហើយ ប៉ុន្តែកំណើនរបស់វានៅតែមិនទាន់អាចវិលទៅរកកម្រិតនៅមុនមានការផ្ទុះ ជំងឺរាតត្បាត នៅឡើយទេ។

ស្ថានភាពនេះនៅកម្ពុជា ជាការឆ្លុះបញ្ចាំងអំពីស្ថានភាពសេដ្ឋកិច្ចនៅលើពិភពលោក និងបញ្ហាប្រឈមផ្នែករចនា សម្ព័ន្ធនៃបែបផែនកំណើនរបស់ប្រទេសនេះ។ បញ្ហាប្រឈមផ្នែករចនាសម្ព័ន្ធរបស់កម្ពុជារួមមាន ផលិតភាព មានកំណើនខ្សោយ, ការអភិវឌ្ឍននៃមូលធនមនុស្សនៅមានកម្រិតទាប, និងឧបសគ្គដល់ការបង្កើត និងការ ប្រកួតប្រជែងរបស់ធុរកិច្ចឯកជន។ សេដ្ឋកិច្ចរបស់កម្ពុជាមានលក្ខណៈប្រមូលផ្តុំខ្លាំង ទៅលើផលិតផល, ទីផ្សារនាំចេញ និងធនធានហិរញ្ញប្បទាន ដែលជាហេតុធ្វើឱ្យមានការរងការប៉ះទង្គិចពីសំណាក់ស្ថានការណ៍អង្រួន កន្ត្រាក់ណាស់។ ប្រទេសនេះក៏ងាយរងគ្រោះពីផលជះនៃការប្រែប្រួលអាកាសធាតុដែរ ជាពិសេសទឹកជំនន់ និង ភាពរាំងស្ងួត។

ឥណទានថ្មីនឹងត្រូវបានយកទៅប្រើប្រាស់សម្រាប់ដោះស្រាយបញ្ហាប្រឈមទាំងនេះ។ ជំនួយនេះនឹងជួយ បង្កើតបរិយាកាសអំណោយផលដល់ការបើកដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន, បិទអាជីវកម្ម និងការប្រកួត ប្រជែងដោយត្រឹមត្រូវយុត្តិធម៌។ ផ្នែកឯទៀតនៃឥណទាននេះ នឹងជួយពង្រឹងភាពធន់នៃសារពើពន្ធតាមរយៈការ កែលម្អភាពប្រសិទ្ធផលនៃចំណាយ, សម្រាលហានិភ័យនៃចំណាយមូលធន និងបង្កើនភាពជាដៃគូរវាងរដ្ឋនិង ឯកជន និងពង្រឹងសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការកៀរគរហិរញ្ញប្បទាន តាមរយៈសញ្ញាបណ្ណជាតិ។

ឥណទានថ្មី នឹងជួយសម្រួលផងដែរ ដល់ការផ្តល់ជំនួយសង្គ្រោះឱ្យបានទាន់ពេលវេលា ដល់ក្រុមគ្រួសារងាយរង គ្រោះឱ្យបានកាន់តែទូលំទូលាយ ក្នុងករណីជួបគ្រោះមហន្តរាយធម្មជាតិ ឬស្ថានភាពអង្រួនកន្ត្រាក់សេដ្ឋកិច្ច, កែលម្អបទប្បញ្ញត្តិបរិស្ថាន និងលើកកម្ពស់ដល់ការគ្រប់គ្រងគ្រោះមហន្តរាយ៕

ប្រភព៖ worldbank.org