ក្រុមហ៊ុនយក្សជប៉ុន នឹងបើកការ​ដ្ឋាន​សាងសង់រោងចក្រទី២ របស់ខ្លួននៅស្រុកក្រគរ ខេត្តពោធិ៍សាត់ នាពេលឆាប់ៗនេះ
សេដ្ឋកិច្ច June 20, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាពេលដ៏ខ្លីខាងមុខក្រុមហ៊ុនយក្សនៃប្រទេសជប៉ុននេះ ដែលមានឈ្មោះថា មីនីបៀរ ម៊ីត្សូមី (Minebea Mitsumi) នឹងបើកការ​ដ្ឋាន​សាងសង់រោងចក្រទី២ របស់ខ្លួននៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលនឹងបង្កើតការងារថ្មីជាច្រើ​នកន្លែង​បន្ថែមទៀត​ដល់យុវជន យុវនារីកម្ពុជា ។រោងចក្រទី២ នេះវិនិយោគលើវិស័យឋាមពលអគ្គិសនី។

លើបណ្ដាញសង្គមតេឡេក្រាមផ្លូវការរបស់ក្រសួងរ៉ែនិងថាមពល នៅរាត្រីថ្ងៃទី១៩ ខែមិថុនា ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួង
រ៉ែនិងថាមពល បានបញ្ជាក់ក្នុងឃ្លីបវិដេអូរយៈពេល ៧:២៧នាទី ថា ក្រុមហ៊ុន Minebea Cambodia Co. Ltd ជាក្រុមហ៊ុន​បុត្រ​សម្ព័ន្ធរបស់ក្រុមហ៊ុន Minebea Mitsumi ដែលជាក្រុមហ៊ុនយក្សជប៉ុន​នឹងមកដាក់ក្រុមហ៊ុននៅស្រុកក្រគរ ខេត្តពោធិ៍សាត់។

ឯកឧត្តមបញ្ជាក់ថា នាពេលដ៏ខ្លីខាងមុខនេះ សមិទ្ធផលថ្មីរបស់ក្រុមហ៊ុនយក្សនេះ គ្រោងនឹងបើកការដ្ឋានសាងសង់រោងចក្រទី២ របស់ខ្លួននៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលនឹងបង្កើតការងារថ្មីជាច្រើនកន្លែងបន្ថែមទៀតដល់យុវជន យុវនារីយើងនៅទីនេះ។ ឯកឧត្តមបន្តថា មូលហេតុមួយក្នុងចំណោមមូលហេតុដទៃទៀត ដែលក្រុមហ៊ុន Minebea សម្រេចចិត្តវិនិយោគរោងចក្រទី២ នៅកម្ពុជា គឺដោយសារគេបានមើលឃើញពីសក្តានុពលនៃការគាំទ្ររបស់ថាមពលអគ្គិសនី ដែលបច្ចុប្បន្ន កម្ពុជាយើងកំពុងតែ​ផលិតថាមពលចេញពីប្រភពថាមពលកកើតឡើងវិញ យ៉ាងច្រើនលើសលប់ ធ្វើឱ្យប្រទេសយើងបានក្លាយ​ជាប្រទេសមួយ​ដែល​មានការទាក់ទាញលើវិស័យថាមពល។

សូមជម្រាបថា ក្រុមហ៊ុន Minebea Cambodia Co. Ltd ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Minebea Mitsumi ។ក្រុមហ៊ុន​នេះបានបន្តពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជានៅឆ្នាំ២០១១។ គិតត្រឹមឆ្នាំ ២០២២ ក្រុមហ៊ុនមាន អង្គភាព​អាជីវកម្មចំនួន ១៤ និងទុនវិនិយោគចំនួន ៦១៤ លានដុល្លារអាមេរិក កើនឡើង​ពីការវិនិយោគដំបូងត្រឹមតែ ២៣ លាន​ដុល្លារក្នុង​ឆ្នាំ២០១១។ក្រុមហ៊ុននេះវិនិយោគលើមុខសញ្ញាផលិតម៉ូទ័រខ្នាតតូច ម៉ូទ័រកង្ហារ គ្រឿងបំណែកម៉ាស៊ីន ឧបករណ៍អុបទិចសម្រាប់​ទូរសព្ទ ប៊ិកអេឡិចត្រូនិក ឧបករណ៍រំញ័រសម្រាប់ហ្គេមកុំព្យូទ័រ គ្រឿងបង្គុំសៀគ្វីអេឡិចត្រូនិក ផ្ទាំងបញ្ចេញពន្លឺ LED ឧបករណ៍វាស់​ជាតិស្ករក្នុងឈាម និងប្រព័ន្ធអំពូលភ្លើងសាធារណៈឆ្លាតវៃ។គិតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនផ្ដល់ឱកាសការងារជូន​ប្រជាពលរដ្ឋ​រាប់ពាន់កន្លែង។

ក្រុមហ៊ុន Minebea Cambodia ក៏ពង្រីកការវិនិយោគបន្ថែមក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយដើម្បី​តភ្ជាប់ខ្សែច្រវាក់​ផលិតកម្ម​ឱ្យបានកាន់តែទូលំទូលាយផងដែរ៕

(រូបតំណាង)

ប្រភព៖ ក្រសួងព័ត៌មាន