កម្ពុជា-សិង្ហបុរី បង្កើតថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ ដើម្បីផ្តល់ហិរញ្ញប្បទាន ដល់សហគ្រាសធុនតូចនិងមធ្យម
សេដ្ឋកិច្ច June 19, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរី បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (Financial Transparency Corridor) និងចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើរដ្ឋាភិបាលឌីជីថល ។

ការប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (Financial Transparency Corridor)នេះ បានធ្វើឡើងក្រោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានឯកភាពក្នុងការបន្តកិច្ចសហប្រតិបត្តិការលើវិស័យធនាគារ និងហិរញ្ញវត្ថុ និងវិស័យឌីជីថល។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២៤ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី បានប្រកាសដាក់ឱ្យដំណើរការគម្រោង ថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (Financial Transparency Corridor-FTC) រវាងកម្ពុជា និងសិង្ហបុរី នៅវិមានរដ្ឋាភិបាល Istana នៃប្រទេសសិង្ហបុរី។

ថ្នាល FTC ជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្រាប់បង្កើតកិច្ចព្រមព្រៀងជាមុន រវាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា និងសិង្ហបុរី ដែលជាសមាជិកចូលរួមក្នុងគម្រោង ដើម្បីមាន លទ្ធភាពប្រើប្រាស់ទិន្នន័យសហគ្រាសធុនតូចនិងមធ្យម នៅប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយភាពងាយស្រួល ក្នុងការវាយតម្លៃឥណទានប្រសើរជាងមុន និងបង្កើនល្បឿនក្នុង ការផ្តល់ហិរញ្ញប្បទានដល់សហគ្រាស់ទាំងនោះ សំដៅជួយជំរុញសកម្មភាពពាណិជ្ជកម្ម និងប្រើប្រាស់ សេវាហិរញ្ញវត្ថុឆ្លងដែនទ្វេភាគី។ ថ្នាល FTC ត្រូវបានអភិវឌ្ឍឡើង និងគ្រប់គ្រងដោយក្រុមហ៊ុន Proxtera Pte Ltd។

ដោយឡែកចំពោះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលជាសមាជិក នឹងបានតភ្ជាប់ក្នុងថ្នាលនេះរួមមានដូច៖

– ភាគីកម្ពុជារួមមាន៖ ធនាគារអេស៊ីលីដា ធនាគារហ្វីលីព ធនាគារស្ថាបនា ធនាគារវីង ធនាគារ វឌ្ឍនៈអាស៊ីចំកាត់។

– ភាគីសិង្ហបុរីរួមមាន៖ ធនាគារ ANEXT គ្រឹះស្ថាន Liquid Groupt Pte Ltd និងគ្រឹះស្ថាន Sing Investment & Finance Limited”]

តាមសេចក្ដីប្រកាសព័ត៌មាន ស្តីពី ការដាក់ឱ្យដំណើរការគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុ រវាងកម្ពុជា និងសិង្ហបុរី បានបញ្ជាក់ថា ការចែករំលែកព័ត៌មាន និងការផ្តល់ហិរញ្ញប្បទានតាមរយៈថ្នាល FTC ត្រូវបានផ្តួចផ្តើមចូលរួមពីសំណាក់ភាគីពាក់ព័ន្ធជាច្រើន ដើម្បីដាក់ឱ្យដំណើរការគម្រោងនេះសម្រាប់ដំណាក៏កាលដំបូង។

ឯកឧត្តម ជៀ ដឺ ចាយអិន នាយកគ្រប់គ្រង អាជ្ញាធររូបិយវត្ថុសិង្ហបុរី មានប្រសាសន៍ថា “ការ ចាប់ផ្តើមគម្រោង FTC រវាងគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា និងសិង្ហបុរី នឹងគាំទ្រដល់លទ្ធភាពនៃការ ទទួលបានសេវាហិរញ្ញវត្ថុកាន់តែប្រសើរសម្រាប់សហគ្រាសធុនតូច និងមធ្យម តាមរយៈការផ្លាស់ប្តូរ ទិន្នន័យហិរញ្ញវត្ថុរបស់ស់ហគ្រាសធុនតូច និងមធ្យម នៅលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល FTC។ ការណ៍នេះនឹងផ្ដល់កាលានុវត្តភាពដល់សហគ្រាសធុនតូច និងមធ្យម និងគ្រឹះស្ថានហិរញ្ញវត្ថុដែល ចូលរួមក្នុងគម្រោង”។

ជាមួយគ្នានោះ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា “គម្រោង FTC ជាចក្ខុវិស័យរួមរវាងធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី ដើម្បីគាំទ្រ លំហូរព័ត៌មានសម្រាប់អាជីវកម្ម ជាពិសេសសហគ្រាស់ធុនតូចនិងមធ្យម តាមរយៈពង្រឹងគុណភាព ទិន្នន័យហិរញ្ញវត្ថុប្រកបដោយតម្លាភាព និងទំនុកចិត្តសម្រាប់ការផ្តល់សេវាហិរញ្ញវត្ថុរវាងប្រទេស កម្ពុជា និងសិង្ហបុរី ដែលនឹងផ្តល់លទ្ធភាពសហគ្រាសធុនតូច​ និងមធ្យមក្នុងការទទួលបានសេវា ហិរញ្ញវត្ថុកាន់តែប្រសើរ។ ការដាក់ឱ្យដំណើរការគម្រោង FTC បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារកណ្ដាលទាំងពីរក្នុងការផ្លាស់ប្តូរជាវិជ្ជមានក្នុងការជំរុញពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុ ព្រមទាំងរួម ចំណែកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព”៕​

ប្រភព៖ ក្រសួងព័ត៌មាន