ស្ពានអាកាសភ្លោះតាមបណ្ដោយមហាវិថី សម្ដេចតេជោ ហ៊ុន សែន ប្រសព្វនឹងផ្លូវជាតិលេខ២ តម្លៃជាង ១៦លានដុល្លារ បានបើកការដា្ឋនសាងសង់នៅថ្ងៃនេះ
សេដ្ឋកិច្ច June 17, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធី “បើកការដ្ឋានស្ថាបនា ស្ពានអាកាសភ្លោះ តាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ប្រសព្វជាមួយនិងផ្លូវជាតិលេខ ២ ស្ថិតនៅព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល” ។

ស្ពានអាកាសភ្លោះ តាមបណ្តោយមហាវិថី សម្តេចតេជោ ហ៊ុន សែន ប្រសព្វជាមួយនិងផ្លូវជាតិលេខ ២ ស្ថិតនៅ ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល គឺជាស្ពានអាកាសទី១ ដែលត្រូវបានបើកការដ្ឋានស្ថាបនាក្នុងអាណត្តិ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ។

ក្នុងនោះ ក្រុមហ៊ុនដែលត្រូវទទួលការអនុវត្តគម្រោង គឺក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយ

គ្រោងប្រើរយៈពេលសាងសង់ចំនួន ១២ ខែ និងត្រូវចំណាយថវិកាចំនួន ១៦.២០០.៥០០$ (ដប់ប្រាំមួយលានពីរសែន ប្រាំរយដុល្លាអាមេរិក) ជាកញ្ចប់ថវិកាបានមកពីការបង្វែរកញ្ចប់ថវិកាពីគម្រោងសាងសង់ស្ពានអាកាស គង់ សំអុល និងមូលនិធិអភិវឌ្ឍកោះនរា ហើយស្ពាននេះ នឹងក្លាយជាស្ពានអាកាសទី៨ ក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងវិស័យឯកជន ស្របតាមអនុសាសន៍ និងចំណាត់ការដ៏ម៉ឺងម៉ាត់ក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ដែលដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន គឺ “ការយកទីក្រុងចិញ្ចឹមទីក្រុង ឬ យកស្លឹកត្នោតខ្ចប់ស្ករត្នោត”។

តាមរបាយការណ៍បានបង្ហាញថា គម្រោងសាងសង់ស្ពានអាកាសនេះ នឹងត្រូវស្ថាបនាស្ពានអាកាសភ្លោះជាផ្លូវឯកទិស ដោយស្ពានទី១ មានទិសដៅ តាមបណ្តោយមហាវិថី សម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ ២ ឆ្ពោះទៅកាន់អាកាសយានដ្ឋាន អន្តរជាតិថ្មី និងស្ពានទី២ មានទិសដៅពីអាកាសយានដ្ឋានអន្តរជាតិថ្មី ឆ្លងកាត់ផ្លូវជាតិលេខ ២ ឆ្ពោះមកតាមបណ្តោយ មហាវិថី សម្តេចតេជោ ហ៊ុន សែន វិញ។ ក្នុងនោះ ស្ពាននីមួយៗ មានទទឹងតួស្ពានទំហំ ៩,៥ ម៉ែត្រ បណ្តោយតួ ស្ពានប្រវែង ២៨១ ម៉ែត្រ និងស្ថាបនាផ្លូវតភ្ជាប់ក្បាលស្ពានផ្នែកខាងជើងប្រវែង ១៨០ ម៉ែត្រ និងផ្នែកខាងត្បូង ប្រវែង ១៦១ ម៉ែត្រ សរុបបណ្តោយស្ពានមានប្រវែង ៦២២ ម៉ែត្រ ហើយគន្លងផ្លូវរត់របស់តួស្ពាននីមួយៗ មាន ចំនួន ៣ គន្លង (ទំហំ ៣,២៥ ម៉ែត្រ + ៣,២៥ ម៉ែត្រ + ២ ម៉ែត្រ) សម្រាប់ចរាចរឯកទិស។ តាម

បច្ចេកទេសនៃការស្ថាបនា គឺត្រូវសាងសង់សសរស្ពានចំនួន ៦ ទីតាំង មាន ៧ ប្រឡោះ ដែលមានគម្លាតអតិបរិមា ៤៥ ម៉ែត្រ។ សសរគ្រឹះត្រូវខួងគ្រឹះមានអង្កត់ផ្ចិតមុខកាត់ទំហំ ១,៥ ម៉ែត្រ និងមានជម្រៅពី ៣៥ ម៉ែត្រ ទៅ ៤៥ ម៉ែត្រ, និងមានជើងតាងស្ពាន ៦ ទីតាំង មានទំហំ ៦,២៥ ម៉ែត្រ គុណនឹង ២,៥ ម៉ែត្រ កម្ពស់ ២,៥ ម៉ែត្រ ទ្រ ដោយគ្រឹះ ២ ដើម មានមុខកាត់ទំហំ ១,៥ ម៉ែត្រ។

ចំពោះលក្ខណៈរូបវន្តនៃការសាងសង់ ស្ពាននេះមានជម្រាលទទឹងស្ពាន ២% ជម្រាលបណ្តោយស្ពាន ៤,៥% ទម្ងន់ ផ្ទុកអនុញ្ញាត ២៥ តោន ដោយកំណត់ល្បឿនយានយន្តបើកបរលើស្ពាន ៤០ គីឡូម៉ែត្រក្នុង១ម៉ោង និងមាន កម្ពស់សុវត្ថិភាព ៥,៥ ម៉ែត្រ សម្រាប់ផ្លូវឆ្លងកាត់ផ្នែកខាងក្រោមស្ពានអាកាស។

ក្រៅពីសំណង់តួស្ពាន និងផ្លូវតភ្ជាប់ក្បាលស្ពាន ក៏នៅមានហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលត្រូវបំពាក់ភ្ជាប់ក្នុង គម្រោងនេះ រួមមាន ការបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ, ការដាក់ស្លាកសញ្ញាចរាចរ, ការលាបគំនូសចរាចរ, ការ រៀបចំបណ្តាញលូអមសងខាងផ្លូវ, ការកែសម្រួលចិញ្ចើមផ្លូវក្នុងតំបន់ការដ្ឋាន ការដាំដើមឈើ-ដើមផ្កាលម្អ និង ការរៀបចំរចនាជាសួនច្បារបៃតង មានគម្លាត ៩ ម៉ែត្រ រវាងប្រឡោះស្ពានទី១ និងស្ពានទី២ បន្ថែមទៀត៕

ប្រភព៖ ក្រសួងព័ត៌មាន