នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ មានគណនី Facebook មួយចំនួនបានបង្ហោះផ្សាយថា «សូមបងប្អូននៅក្នុងស្រុកខ្មែរប្រញាប់រួសរាន់ទៅដកលុយចេញពីធនាគារ ABA អោយអស់ពីព្រោះធនាគារនេះក្ស័យធនហើយ» ដែលជាការបង្ហោះផ្សាយក្នុងចេតនាញុះញង់ឱ្យសាធារណជនមានការយល់ច្រឡំ និងបង្កចលចលក្នុងសង្គម។
យ៉ាងណាមិញ លេខាធិការដ្ឋាន គ ស ព ស នារសៀលថ្ងៃទី១៤ ខែមិថុនា ដដែលនេះ បានគូសបញ្ជាក់ថា ករណីបង្ហោះផ្សាយថា ធនាគារ ABA ក្ស័យធនគឺជាព័ត៌មានក្លែងក្លាយ និងសូមបងប្អូនប្រជាពលរដ្ឋកុំយល់ច្រឡំ និងសូមឈប់បន្តចែកចាយនូវព័ត៌មានក្លែងក្លាយទាំងនេះទៀត។
គួរបញ្ជាក់ផងដែរថា ធនាគារ ABA មានកំណើនខ្លាំងក្នុងឆ្នាំ ២០២៣ ដោយប្រាក់ចំណេញសុទ្ធសម្រាប់ឆ្នាំ ២០២៣ បានកើនឡើងដល់ ២៧៦,៤៨ លានដុល្លារ ដែលឆ្លុះបញ្ចាំងពីប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងការអនុវត្តកិច្ចគ្រប់គ្រងហិរញ្ញវត្ថុដ៏ត្រឹមត្រូវរបស់ ABA។ កំណើននេះ ក៏ត្រូវបានទទួលស្គាល់ថា ជាសញ្ញានៃកិច្ចគ្រប់គ្រងផ្ទៃក្នុង និងការសម្រេចចិត្តជាយុទ្ធសាស្ត្រដ៏រឹងមាំ។ ធនាគារអាចរក្សាបាននូវកំណើនប្រាក់ចំណេញ តាមរយៈការផ្តល់ឥណទាន (ប្រាក់កម្ចី) ជាច្រើនរបស់ខ្លួន ។ ABA បានបង្កើនផលបត្រប្រាក់កម្ចីរបស់ខ្លួនចំនួន ១,៣២ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ ដែលនាំឲ្យធនាគារទទួលចំណូលជាច្រើនពីការប្រាក់សុទ្ធ៕

ប្រភព៖ លេខាធិការដ្ឋាន គ ស ព ស


