ឯកឧត្តម ឃឹម ហ្វីណង់៖ «កសិករដាំបន្លែនៅត្រាំកក់ ខេត្តតាកែវ អាចមានសក្តានុពលប្រកួតប្រជែងជាមួយបន្លែនាំចូលបាន ប្រសិនបើចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប»
សេដ្ឋកិច្ច June 14, 2024 Khmernote

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា៖ «កសិករដាំបន្លែនៅត្រាំកក់ ខេត្តតាកែវ អាចមានសក្តានុពលប្រកួតប្រជែងជាមួយបន្លែនាំចូលបាន ប្រសិនបើចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប»។

តាមរយៈការបង្ហោះនៅលើផេកផ្លូវការកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នេះ ឯកឧត្តមបានគូសបញ្ជាក់ថា៖ «បងប្អូនកសិករអ្នកដាំបន្លែនៅត្រាំកក់ ខេត្តតាកែវ អាចមានសក្តានុពលប្រកួតប្រជែងជាមួយបន្លែនាំចូលបាន ប្រសិនបើចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប។ ចង់ដាំបន្លែក្នុងស្រុកជំនួសឱ្យបន្លែនាំចូលពីក្រៅ ទាមទារឱ្យមានការរៀបចំខ្លួនទុកជាមុនសិន បើមិនអញ្ចឹងទេ មិនខុសអ្វីពីធ្វើបាបអ្នកទិញរបស់យើងយ៉ាងដូច្នោះដែរ ជាពិសេសសម្រាប់អ្នកនៅមានជីវភាពខ្វះខាតនៅឡើយ។ ហេតុដូច្នេះហើយ បានជាអាទិភាពចម្បងនៅពេលនេះ គឺការប្រមូលផ្តុំកសិករអ្នកដាំបន្លែតូចៗ និងចងក្រងពួកគាត់ឱ្យទៅជាសហគមន៍កសិកម្មទំនើបដ៏ធំមួយ ដើម្បីធ្វើយ៉ាងណា «ដាំហើយលក់ចេញឱ្យបានធូរថ្លៃជាងមុន គុណភាពអាចទទួលយកបាន និងបរិមាណផ្គត់ផ្គង់មានស្ថេរភាពកុំឱ្យដាច់ ម្តងមានម្តងអត់»។

ឯកឧត្តម ក៏បានបញ្ជាក់បន្ថែមផងដែរថា ការធ្វើបែបនេះបាន វានឹងក្លាយទៅជារបាំងនាំចូលដោយស្វ័យប្រវត្តិ ការពារទាំងអ្នកដាំនិងអ្នកបរិភោគ ហើយអ្នកចង់គាំទ្រកសិផលក្នុងស្រុកក៏អាចជួយគាំទ្របានដោយមិនចាំបាច់ចំណាយខ្ពស់ជាងមុន ជាពិសេសដឹងពីប្រភពដាំច្បាស់លាស់ ជៀសវាងការលួចកេងបន្លំនានា៕

ប្រភព៖ ផេកឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ