បេសកកម្មគោះទ្វារវិនិយោគ អាល្លឺម៉ង់ប្ដេជ្ញាចិត្តរៀបចំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយកម្ពុជា
សេដ្ឋកិច្ច June 13, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជួបពិភាក្សាការងារ និងទទួលទានអាហារថ្ងៃត្រង់ ជាមួយលោកជំទាវបណ្ឌិត Andrea Heilmaier អភិបាលរងក្រុងនួនប៊ឺក(Nuremberg) ក្នុងប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញនេះ។

ឆ្លៀតនាឱ្យកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីគោលបំណងនៃដំណើរទស្សកិច្ចរបស់គណៈប្រតិភូកម្ពុជា ដើម្បីគោះទ្វារវិនិយោគនៅតាមបណ្ដាប្រទេសក្នុងសហភាពអឺរ៉ុប ក្នុងនោះប្រទេសអាល្លឺម៉ង់ក៏ជាគោលដៅដែលកម្ពុជាចង់ឃើញមានវិនិយោគិនពីអាល្លឺម៉ង់ទៅកម្ពុជា កាន់តែច្រើនផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីរំពឹងថាជំនួបជាមួយលោកជំទាវនាឱកាសនេះ នឹងអាចជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរួមគ្នារវាងក្រុងនួនប៊ឺក(Nuremberg) ពិសេសលើកិច្ចការងារវិនិយោគ ការបណ្ដាក់ទុនធុរកិច្ច និងកិច្ចសហការនានាផ្សេងទៀត ដែលនឹងលើកកម្ពស់ទំនាក់ទំនងភាគីទាំងពីរផងដែរ។

លោកជំទាវអភិបាលរងក្រុង បានបង្ហាញការប្ដេជ្ញាចិត្តលើការរៀបចំឱ្យមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនានារវាងកម្ពុជា និងអាល្លឺម៉ង់ ពិសេសចំពោះក្រុងនួនប៊ឺក(Nuremberg) សំដៅធ្វើយ៉ាងណាពង្រឹងទំនាក់ទំនងរវាងគ្នានិងគ្នាផងដែរ។

តាមប្រភពព័ត៌មានរបស់គេហទំព័រ Khmer Times បានឱ្យដឹងថា ​ទោះបីជា​មានការ​បាត់បង់​ពន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ខ្លះ​ក៏ដោយ​ ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ជាមួយ​សហភាព​អឺរ៉ុប​នៅតែ​បន្ត​កើន​ឡើង​រហូតដល់​១​,​៥​៦​ ​ពាន់​លាន​ដុល្លារ​ក្នុងរយៈពេល​៥​ខែ​ដំបូង​នៃ​ឆ្នាំ​២​០​២​៤​។​ ​យោង​តាម​របាយការណ៍​របស់​​​ក្រសួង​ពាណិជ្ជកម្ម​ ​ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​សហភាព​អឺរ៉ុប​ក្នុង​អំឡុង​ពេលនេះ​បាន​កើន​ឡើង​១​១​,​៨​៣​ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​។​ ​របាយការណ៍​បាន​អោយ​ដឹង​ទៀត​ថា​ ​ការនាំចេញ​ ​និង​នាំចូល​ ​បាន​កើន​ឡើង​ ​៤​,​១​៨​ ​ភាគរយ​ដល់​ ​១​,​៨​៨​ ​ពាន់​លាន​ដុល្លារ​។​

ប្រភពដដែល បានបន្តថា ​ប្រទេស​អាល្លឺម៉ង់​ ​និង​អេស្ប៉ា​ញ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំបំផុត​របស់​កម្ពុជា​នៅ​សហភាព​អឺរ៉ុប ​ដែល​មាន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ចំនួន​ ​៣​៨​៩​ ​លាន​ដុល្លារ​។​ ​កម្ពុជា​នាំចេញ​ជា​ចម្បង​នូវ​វាយ​ន​ភ័ណ្ឌ ​ស្បែកជើង​ ​កង់​ ​គ្រឿងឧបភោគបរិភោគ​ ​អង្ករ​ ​និង​ផលិតផល​កសិកម្ម​ផ្សេងទៀត​ទៅកាន់​សហភាព​អឺរ៉ុប​​៕

ប្រភព៖ ក្រសួងព័ត៌មាន