រុស្សី នឹងពិចារណាឱ្យមានជើងហោះហើរផ្ទាល់ពីរុស្ស៊ីមកកាន់កម្ពុជា ដើម្បីបង្កើនភ្ញៀវទេសចររវាងប្រទេសទាំងពីរ
ទេសចរណ៍ June 7, 2024 Khmernote

ឯកឧត្តម អាណាតូលី បូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា រុស្សី នឹងពិចារណាឱ្យមានជើងហោះហើរផ្ទាល់ពីរុស្ស៊ីមកកាន់កម្ពុជា ដើម្បីបង្កើនការផ្លាស់ប្តូរអ្នកទេសចររវាងប្រទេសទាំងពីរ។

ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី បានលើកឡើងបែបនេះ ឱកាសជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃព្រឹក ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមិញនេះ។

នាឱកាសនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតវិសាមញ្ញ បានលើកឡើងថា ចំនួនភ្ញៀវទេសចរណ៍រុស្ស៊ីមកកម្ពុជា មានការកើនឡើងជាបន្តបន្ទាប់ ហើយរុស្ស៊ីនឹងពិចារណាឱ្យមានជើងហោះហើរផ្ទាល់ពីរុស្ស៊ីមកកាន់កម្ពុជា ដើម្បីបង្កើនការផ្លាស់ប្តូរអ្នកទេសចររវាងប្រទេសទាំងពីរ។ ឯកឧត្តមក៏បានថ្លែងអំណរគុណកម្ពុជា ដែលបានធានាសុវតិ្ថភាពភ្ញៀវទេសចរ ដែលមកទស្សនាកម្ពុជា ជាពិសេសភ្ញៀវទេសចររុស្ស៉ី។

ជាមួយគ្នានេះ សម្ដេចតេជោប្រធានព្រឹទ្ធសភា ក៏បានថ្លែងអរគុណចំពោះជំនួយសព្វបែបយ៉ាងរបស់សហភាពសូវៀត និងបន្តមកដល់សហព័ន្ធរុស្ស៊ី ដែលបានជួយកម្ពុជានៅពេលដែលកម្ពុជាទើបរំដោះបានពីរបបខ្មែរក្រហម។ លើទំនាក់ទំនងសហប្រតិបត្តិការដទៃទៀត សម្ដេចតេជោ បានផ្ដល់ជាអនុសាសន៍ សូមឱ្យជំរុញនូវអ្វីដែលអាចធ្វើទៅបាន ជាពិសេស សូមឱ្យរុស្ស៊ីយកចិត្តទុកដាក់ក្នុងការបង្កើតជើងហោះហើរត្រង់ ពីព្រោះ សម្ដេចតេជោ បានចាត់ទុកថា ដល់ពេលវេលាដែលត្រូវជំរុញវិស័យទេសចរណ៍របស់រុស្ស៊ីមកកាន់ប្រទេសកម្ពុជាហើយ ហើយក៏ជំរុញការដោះស្រាយបំណុលដែលរង់ចាំជាយូរមកហើយនោះ ឱ្យបានឆាប់រួសរាន់ផងដែរ៕

អត្ថបទ៖ លីនី