តម្លៃអង្ករនាំចេញរបស់វៀតណាម ដែលជាតម្លៃខ្ពស់បំផុតក្នុងទីផ្សារពិភពលោក បានធ្លាក់ចុះមកនៅលេខរៀងទី៦ វិញ
សេដ្ឋកិច្ច June 1, 2024 Khmernote

តម្លៃអង្ករនាំចេញរបស់វៀតណាម ដែលធ្លាប់តែជាតម្លៃខ្ពស់បំផុតក្នុងទីផ្សារពិភពលោក បានធ្លាក់ចុះមកនៅលេខរៀងទី៦ វិញ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤។

យោងតាមសមាគមស្បៀងអាហារវៀតណាម បានឱ្យដឹងថា អង្ករបាក់ ៥% របស់ប្រទេសនេះ មានតម្លៃ ៥៧៤ ដុល្លារអាមេរិកក្នុងមួយតោនប៉ុណ្ណោះ កាលពីថ្ងៃទី៣០ ខែឧសភា ថ្មីៗនេះ ដែលតម្លៃនេះទាបជាងសហរដ្ឋអាមេរិក ថៃ ប៉ាគីស្ថាន មីយ៉ាន់ម៉ា និងឥណ្ឌា។ ជាមួយគ្នានេះដែរ តម្លៃ​អង្កររបស់វៀតណាម​បាន​ធ្លាក់​ចុះ ១៣,៥% ពី​កម្រិត​ខ្ពស់​ជា​ប្រវត្តិសាស្ត្រ​ក្នុងខែ​ធ្នូ ឆ្នាំមុន។

លោក Dinh Ngoc Tam អគ្គនាយករងនៃក្រុមហ៊ុននាំចេញ Co May បាននិយាយថា ក្រុមហ៊ុនរបស់លោកនៅតែមានស្តុកច្រើន ដូច្នេះត្រូវតែបង្ខុះចិត្តលក់ក្នុងតម្លៃទាប។ ចំណែកលោក Nguyen Viet Anh នាយកប្រតិបត្តិនៃក្រុមហ៊ុននាំចេញអង្ករ Orico វិញ ក៏បាននិយាយផងដែរថា ការផ្គត់ផ្គង់មានកម្រិតខ្ពស់នៅក្នុងប្រទេសវៀតណាម ហើយតម្លៃបានធ្លាក់ចុះបន្ទាប់ពីរក្សាកម្រិតខ្ពស់អស់រយៈពេលជាយូរ។ ដោយឡែក អ្នកនាំចេញផ្សេងទៀតបាននិយាយថា តម្លៃអង្ករក៏កំពុងធ្លាក់ចុះនៅក្នុងប្រទេសជាច្រើនទៀត ហើយនឹងធ្លាក់ចុះបន្ថែមទៀតប្រសិនបើឥណ្ឌាបន្តការនាំចេញ។

យ៉ាងណាមិញថ្មីៗនេះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានបញ្ជាឱ្យសមាគមស្បៀងអាហារវៀតណាម ពិនិត្យមើលការនាំចេញទៅកាន់ប្រទេសឥណ្ឌូនេស៊ី ដោយព្រមានថា តម្លៃទាបពេកអាចបំពានច្បាប់ប្រកួតប្រជែង។ គួរបញ្ចាក់ផងដែរថា ការនាំចេញអង្កររបស់វៀតណាមបានកើនឡើង ៤៣.៨% ពីមួយឆ្នាំទៅមួយឆ្នាំ ដោយកើនដល់ ២.៣ ពាន់លានដុល្លារក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៤ នេះ៕

អត្ថបទ៖ លីនី
ប្រភព៖ VNExpress