ធនាគារពិភពលោក អនុម័តហិរញ្ញប្បទានចំនួន ៧៩,៥លានដុល្លារ ដើម្បីពង្រឹងវិស័យអប់រំនៅកម្ពុជា
សេដ្ឋកិច្ច May 31, 2024 Khmernote

យោងតា​មការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារពិភពលោក បានអនុម័តហិរញ្ញប្បទានបន្ថែមចំនួន ៧៩,៥លានដុល្លារអាមេរិក សម្រាប់ការពង្រីកសកម្មភាពដែលកំពុងត្រូវបានអនុវត្ត ក្នុងគោល ដៅលើកកម្ពស់លទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព នៅទូទាំងប្រទេសកម្ពុជា។

តាមសេចក្តីប្រកាសព័ត៌មានធនាគារពិភពលោក នាថ្ងៃទី៣០ ខែឧសភា ម្សិលមិញនេះ បានឲ្យដឹងថា មូលនិធិថ្មីនេះនឹងត្រូវបានយកទៅប្រើប្រាស់ដើម្បីពង្រីកគម្រោងកែលម្អការអប់រំទូទៅនៅកម្ពុជា ដែលត្រូវបានអនុម័តកាល ពីខែមករា ឆ្នាំ២០២២ ជាមួយកញ្ចប់ហិរញ្ញប្បទានលើកដំបូងចំនួន ៦៩,២៥លានដុល្លារអាមេរិក។ កញ្ចប់ហិរញ្ញប្បទាន បន្ថែមនេះមានឥណទានចំនួន ៦០លានដុល្លារអាមេរិកពី សមាគមអភិវឌ្ឍន៍អន្តរជាតិ ដែលជាមូលនិធិរបស់ធនាគារពិភពលោកសម្រាប់ជួយជនខ្វះខាតបំផុត និងជំនួយចំនួន ១៩,៥លានដុល្លារផ្សេងទៀតពីអង្គការ ភាពជាដៃគូសកលសម្រាប់ការអប់រំ។

គួរបញ្ជាក់ផងដែរថា កញ្ចប់ហិរញ្ញប្បទានបន្ថែមនេះនឹងពង្រីកសកម្មភាពគម្រោងទៅកាន់គ្រឹះស្ថានអប់រំផ្សេងទៀតនៅទូទាំងប្រទេស ក្នុងនោះមាន អនុវិទ្យាល័យចំនួន ៥០០, សាលាបឋមសិក្សាចំនួន ១០០០ និងសាលាមត្តេយ្យចំនួន ៩០។ សកម្មភាពសំខាន់ៗរួមមាន៖

– ពង្រីកការគ្រប់គ្រងតាមសាលារៀននៅក្នុងសាលាផ្សេងទៀត,

– ផ្តល់ឱកាសបណ្តុះបណ្តាល និងអភិវឌ្ឍវិជ្ជាជីវៈបន្ថែមទៀតសម្រាប់គ្រូបង្រៀន ថ្នាក់ដឹកនាំ និងបុគ្គលិកសាលា,

– សាងសង់ និងជួសជុលថ្នាក់រៀន បន្ទប់ពិសោធន៍ និងអគារសិក្សាបន្ថែមទៀត ក្រោមការរចនាដែលធន់នឹងអាកាសធាតុ,

– សាកល្បងដាក់ឱ្យប្រើបច្ចេកវិទ្យាអប់រំ ដើម្បីបង្កើនម៉ោងសិក្សាប្រកបដោយគុណភាព,

– ធ្វើទំនើបកម្មសៀវភៅសិក្សា និងបង្កើតមគ្គុទ្ទេសក៍គ្រូបង្រៀនស្របតាមកម្មវិធីសិក្សាជាតិ, និងពង្រឹងការធ្វើផែនការ ការត្រួតពិនិត្យ និងការវាយតម្លៃ នៅតាមផែនការនីមួយៗ។

សេចក្តីប្រកាសព័ត៌មានដដែល បានបន្ថែមថា គម្រោងនេះសង្កត់ធ្ងន់លើភាពចាំបាច់ នៃការបង្កភាពងាយស្រួលដល់កុមារមកពីក្រុមជួបការលំបាក គ្រួសារក្រីក្រ ឬសហគមន៍ជនជាតិដើមភាគតិច រួមទាំងអ្នកដែលនៅតំបន់ដាច់ស្រយាល ឬរស់នៅក្នុងពិការភាព ដើម្បីបានទៅសាលារៀន និង ទទួលបានឱកាសសិក្សាប្រកបដោយគុណភាព៕