ទំនិញ សេវា និងសកម្មភាពមួយចំនួនដែលជាប្រយោជន៍សាធារណៈ និងចាំបាច់ប្រើប្រាស់ក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ ទទួលបានការអនុគ្រោះ និងលើកទឹកចិត្តចំពោះការអនុវត្តអាករលើតម្លៃបន្ថែម
សេដ្ឋកិច្ច May 31, 2024 Khmernote

អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ឱ្យដឹងថា ទំនិញ សេវា និងសកម្មភាពមួយចំនួនដែលជាប្រយោជន៍សាធារណៈ និងចាំបាច់ប្រើប្រាស់ក្នុងការរស់នៅរបស់ប្រជាពលរដ្ឋទទួលបានការអនុគ្រោះ និងលើកទឹកចិត្តចំពោះការអនុវត្តអាករលើតម្លៃបន្ថែម។

នៅក្នុងព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍ លេខៈ៦១ របស់អគ្គនាយកពន្ធដារ ដែលចេញផ្សាយកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា ក្នុងកម្មវិធី “ពន្ធដារកម្ពុជា” ដែលធ្វើការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក (Facebook Page) ផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤ បានលើកយកប្រធានបទសំខាន់មួយមកធ្វើបទបង្ហាញនិងពិភាក្សាគី អាករលើតម្លៃបន្ថែម ដោយមានការចូលរួមពីវាគ្មិនជាមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានពន្ធដារចំនួនពីររូបគឺ លោក ឆាយ ជាហេង អនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ និងលោក ឯក ពិសិដ្ឋ ប្រធានការិយាល័យនៃនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ។

ឆ្លើយតបនឹងប្រធានបទស្តីពី អាករលើតម្លៃបន្ថែម វាគ្មិនក្នុងកម្មវិធីបានលើកឡើងឱ្យដឹងថា អាករលើតម្លៃបន្ថែម គឺជាយន្តការសម្រាប់ប្រមូលប្រាក់ពន្ធមួយដ៏មានប្រសិទ្ធភាព និងលើកទឹកចិត្តឱ្យមានការអភិវឌ្ឍខាងធុរកិច្ច ដោយបានបំបាត់ឥទ្ធិពលពន្ធត្រួតគ្នា តាមរយៈការអនុញ្ញាតឱ្យកាត់កងឥណទាន ព្រមទាំងជួយជំរុញ ការនាំចេញតាមរយៈអត្រាពន្ធសូន្យ។

ជាមួយគ្នានេះ ទំនិញ ឬសេវា និងសកម្មភាពសំខាន់ៗមួយចំនួនដែលរួមចំណែកជាប្រយោជន៍សាធារណៈ ជាពិសេសមានភាពចាំបាច់ក្នុង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ត្រូវបានចាត់ទុកជាការផ្គត់ផ្គង់មិនជាប់អាករផងដែរ ក្នុងនោះរួមមាន៖

១. សេវាសិក្សាអប់រំ
២. សេវាប្រៃសណីយ៍សាធារណៈ
៣. សេវារបស់មន្ទីរពេទ្យ និងគ្លីនិក សេវាខាងវេជ្ជសាស្ត្រ និងការលក់ទំនិញបន្ទាប់បន្សំខាងវេជ្ជសាស្ត្រ និងទន្តសាស្ត្រដែលទាក់ទិននឹងការបំពេញសេវាទាំងនេះ
៤. សេវាដឹកជញ្ជូនអ្នកដំណើរដោយប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដែលជាកម្មសិទ្ធិទាំងស្រុងរបស់រដ្ឋ
៥. សេវាធានារ៉ាប់រង
៦. ការផ្គត់ផ្គង់ថាមពលអគ្គិសនីនិងការផ្គត់ផ្គង់ទឹកស្អាត
៧. ផលិតផលកសិកម្ម មិនទាន់កែច្នៃផលិតក្នុងស្រុក
៨. សេវាប្រមូលសំរាម និងកាកសំណល់រឹង ឬរាវ
៩. សេវាជាមូលដ្ឋានខាងហិរញ្ញវត្ថុ ដែលត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
១០. ការនាំចូលសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួន ដែលរួចពន្ធគយក្នុងកម្រិតតម្លៃដែលត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ
១១. សកម្មភាពមិនស្វែងរកប្រាក់ចំណេញដើម្បីបម្រើផលប្រយោជន៍សាធារណៈ ដែលបានទទួលស្គាល់ដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ទន្ទឹមនឹងនេះដែរ ដើម្បីលើកកម្ពស់កសម្មភាពកសិកម្ម និងសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត អាករលើតម្លៃបន្ថែមចំពោះផលិតផលមួយចំនួន ដែលធ្វើការផ្គត់ផ្គង់ក្នុងស្រុកត្រូវបានចាត់ទុកជាបន្ទុករដ្ឋ ដែលជាអាទិ៍មាន សាច់និងស៊ុតសត្វចិញ្ចឹម គ្រប់ប្រភេទ ត្រីទឹកសាបនិងទឹកប្រៃគ្រប់ប្រភេទ ស្ករ អំបិល ទឹកត្រីនិងទឹកស៊ីអ៊ីវគ្រប់ប្រភេទ ព្រមទាំងអនុគ្រោះអាករលើតម្លៃបន្ថែមជាបន្ទុករដ្ឋ លើការនាំចូលនិងផ្គត់ផ្គង់ទំនិញមួយចំនួន រួមមាន ជីគ្រប់ប្រភេទ ពូជដំណាំគ្រប់ប្រភេទ បសុឱសថ ចំណីសត្វ ពូជសត្វ គ្រឿងយន្ត និងឧបករណ៍កសិកម្មគ្រប់ប្រភេទ។ បន្ថែមពីនេះ ការអនុវត្តអាករលើតម្លៃបន្ថែមចំពោះការផលិត ការផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញនូវផលិតផល កសិកម្មមួយចំនួនផ្សេងទៀត រួមមាន ស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូ ក៏ត្រូវបានចាត់ទុកជាបន្ទុករដ្ឋផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ អគ្គនាយកដ្ឋានពន្ធដារ