សហគមន៍កសិកម្មទំនើបស្វាយចន្ទី មួយទៀត នឹងលេចរូបរាងឡើងនៅក្នុងខេត្តកំពង់ធំ ដែលនាំឱ្យខេត្តមានសក្ដានុពលមួយនេះ មានសហគមន៍កសិកម្មទំនើបស្វាយចន្ទីចំនួន៣ ក្នុងពេលដំណាលគ្នាតែម្តង។
យោងតាមការបង្ហោះនៅលើផេកផ្លូវការ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា «សហគមន៍កសិកម្មទំនើបស្វាយចន្ទី» មួយទៀត ដែលមានផ្ទៃដីដាំដុះរួមគ្នាជាង ៤០០ហិកតា នឹងលេចរូបរាងឡើងនៅក្នុងឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ បើរាប់បញ្ចូលទាំងនៅទំរីងមួយនេះទៀត កំពង់ធំនឹងមានសហគមន៍កសិកម្មទំនើបស្វាយចន្ទីចំនួន៣ ក្នុងពេលដំណាលគ្នាតែម្តង។
ឯកឧត្តម បានបញ្ជាក់បន្ថែមថា ដំបូងឡើយនៅទីនេះមានតែកសិករម្នាក់ប៉ុណ្ណោះ ដែលចាប់អារម្មណ៍ចង់ចងក្រងជាសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំស្វាយចន្ទី ប៉ុន្តែបន្ទាប់ក្រុមការងារបានចុះផ្សព្វផ្សាយដល់ក្នុងឃុំ និងធ្វើការជាមួយគ្នាមិនតិចជាង ៥លើករួចមក រហូតមកដល់ពេលនេះ មានបងប្អូនអ្នកដាំស្វាយចន្ទីចំនួន ៦៦គ្រួសារ រួចហើយ ដែលបានស្ម័គ្រចិត្តធ្វើការរួមគ្នា រួមទិញ រួមដាំ និងរួមលក់ ក្រោមការគ្រប់គ្រងដឹកនាំនៃដំបូលសហគមន៍តែមួយ។ ទម្រាំក្រុមការងារបញ្ចប់ការរៀបចំផែនការអាជីវកម្មរបស់សហគមន៍ ចំនួននេះអាចនឹងមានការកើនឡើងបន្ថែមទៀត ហើយសហគមន៍នឹងបន្តប្រកាន់គោលការណ៍បើកចំហសម្រាប់ការសុំចូលរួមជាសមាជិក ពីកសិករដទៃទៀតផងដែរ។ រឹតតែធំ រឹតតែចំណេញ រឹតតែមានសេដ្ឋកិច្ចមាត្រដ្ឋាន ដែលនឹងធ្វើឱ្យថ្លៃដើមផលិតកាន់តែធ្លាក់ចុះ៕









អត្ថបទ៖ លីនី


