លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ស្នើដល់ក្រុមហ៊ុន សហគ្រាសធុនតូច និងមធ្យមកម្ពុជា ចូលរួមដាក់ផលិតផលខ្មែរ និងប្រើប្រាស់ផ្សារពាណិជ្ជកម្មខេមបូឌាត្រេដ ដោយឥតគិតថ្លៃ ហើយសិក្សាអំពីលទ្ធភាពដាក់លក់នៅលើវេបសាយដ៏ល្បីរបស់ចិន Alibaba.com។
លោកជំទាវរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានស្នើបែបនេះ នៅក្នុង ឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្តីពី “លើសពីទីផ្សារកម្ពុជា៖ ការនាំយកផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិតាមរយៈ Alibaba.com” ដែលមានវត្តមានអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សភាពាណិជ្ជកម្មកម្ពុជា ក្រុមហ៊ុន Alibaba និងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប កាលពីព្រឹកថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤ នេះ។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី ក៏បានស្នើនិងលើកទឹកចិត្តដល់ក្រុមហ៊ុន ក៏ដូចជាសហគ្រាសធុនតូច និងមធ្យមកម្ពុជា ចូលរួមដាក់លក់ផលិតផលខ្មែរ និងប្រើប្រាស់ផ្សារពាណិជ្ជកម្មខេមបូឌាត្រេដ ដោយឥតគិតថ្លៃ និងសិក្សាអំពីលទ្ធភាពក្នុងការចូលរួមជាមួយផ្សារពាណិជ្ជកម្ម Alibaba.com ដើម្បីដាក់លក់ និងជំរុញការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិផ្សេងៗទៀត ដើម្បីគាំទ្រនិងជំរុញបន្ថែមនូវការប្រើប្រាស់ថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងជំរុញកិត្តិនាមផលិតផលកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែង និងទទួលស្គាល់ពីគុណភាព ស្តង់ដាររបស់ខ្លួនពីអ្នកប្រើប្រាស់អន្តរជាតិបាន។
ទន្ទឹមនឹងនេះ លោកជំទាវរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍មួយចំនួនដើម្បីជំរុញការប្រើប្រាស់ថ្នាល Alibaba.com ក៏ដូចជាលើកកម្ពស់កិត្តិនាម និងជំរុញការនាំចេញផលិតផលខ្មែរ រួមមាន៖ (១). ត្រូវរៀបចំគោលការណ៍ណែនាំ និងវីដេអូខ្លីៗ អំពីរបៀបប្រើប្រាស់ថ្នាល Alibaba.com នេះ ដើម្បីឱ្យវិស័យឯកជន ជាពិសេសសហគ្រាសធុនតូច និងមធ្យមកម្ពុជា មានភាពងាយស្រួលយល់ និងប្រើប្រាស់ (២). ជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងជួយសម្របសម្រួលបន្ថែម ដើម្បីឱ្យវិស័យឯកជន និងធុរជនដែលមានផលិតផលសក្តានុពល អាចឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវ និងអាចនាំចេញបានតាមរយៈយន្តការនេះ (៣). បន្តសហការជាមួយក្រុមហ៊ុន Alibaba.com ក្នុងការតាមដាន និងវិភាគតម្រូវការទីផ្សារ ដើម្បីផ្សព្វផ្សាយបន្ថែមដល់វិស័យឯកជន និងធុរជនកម្ពុជា សម្រាប់ជាការត្រៀមខ្លួននិងគិតគូរក្នុងការផ្គត់ផ្គង់ផលិតផលដែលអតិថិជនត្រូវការនាពេលបច្ចុប្បន្ន និងអនាគត (៤). បន្តផ្សព្វផ្សាយ បណ្តុះបណ្តាល និងផ្តល់ការប្រឹក្សាផ្នែកបច្ចេកទេស សំដៅកៀរគរ និងជួយសម្របសម្រួលបន្ថែមដល់ការចូលរួមរបស់ធុរជនកម្ពុជានៅក្នុងយន្តការនេះ និង (៥). ក្រសួង-ស្ថាប័ន និងវិស័យឯកជនក្នុងស្រុក និងអន្តរជាតិ បន្តសហការឱ្យបានជិតស្និទ្ធ ក្នុងការជំរុញវិស័យពាណិជ្ជកម្ម និងធុរកិច្ចនៅកម្ពុជា៕





ប្រភព៖ ក្រសួងពាណិជ្ជកម្ម


