យោងតាមការចុះផ្សាយ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងប្រកបដោយផ្លែផ្កានៅ សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ ឯកឧត្តម វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ច ការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ឯកឧត្តម វ៉ាង យី ស្វាគមន៍សំណើរបស់ ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី សុខ ចិន្តាសោភា ឱ្យភាគីចិនសិក្សាលទ្ធភាព ពង្រីក ឬបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីបន្ថែមទៀតនៅកម្ពុជា និងផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈសំដៅ បង្កើនចំនួនកម្លាំងពលកម្មជំនាញនៅកម្ពុជា និងបញ្ជាក់ពីការបន្តគាំទ្រគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ធំៗនៅកម្ពុជា រួមមានផ្នែកដឹកជញ្ជូន ឡូជីស្ទិក ប្រព័ន្ធស្រោយស្រព និងប្រព័ន្ធធារាស្ត្រ រួមទាំងគម្រោង គ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ដែលមានសារសំខាន់ជាយុទ្ធសាស្ត្រ ដោយចិនមានបទពិសោធន៍ ជោគជ័យជាយូរមកហើយលើវិស័យទាំងនេះ។
ការសម្តែងនូវការស្វាគមន៍របស់ភាគីចិន បានធ្វើឡើងក្នុងគោលបំណងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច កម្ពុជា-ចិន ឱ្យកាន់តែច្រើន។
សេចក្តីប្រកាសព័ត៌មានដដែល បានបន្ថែមថា ឯកឧត្តម វ៉ាង យី បានសន្យាលើកទឹកចិត្ត ក្រុមហ៊ុន និងសហគ្រាស ចិនឱ្យធ្វើការវិនិយោគនៅកម្ពុជា និងពង្រីកការនាំចូលផលិតផលកសិកម្មពីកម្ពុជា ថែមទៀត។
ភាគីទាំងពីរ ក៏បានឯកភាពផងដែរក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ និងមានសក្តានុពលដូចជា អប់រំ ទេសចរណ៍ កសិកម្មទំនើប ការតភ្ជាប់ សេដ្ឋកិច្ចឌីជីថល និងបញ្ញាសិប្បនិម្មិត៕

(រូបតំណាង)
ប្រភព៖ ក្រសួងព័ត៌មាន


