អូស្រ្តាលី ប្តេជ្ញាស្រាវជ្រាវ និងវិនិយោគលើបច្ចេកវិទ្យា ដើម្បីប្រែក្លាយកាកសំណល់កសិកម្មដែលមិនត្រូវបានដុត ទៅជាជីវឧស្ម័ន សំណល់ដំណាំ (ជីវម៉ាស)
សេដ្ឋកិច្ច May 25, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូអូស្រ្តាលី នៅទីស្តីការក្រសួងកសិកម្ម រុក្ខាម្រាញ់ និងនេសាទ។

ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងបង្ហាញពីគម្រោង និងឱកាសក្នុងការអភិវឌ្ឍកសិកម្មប្រកបដោយនិរន្តភាព តាមរយៈការបង្កើតកសិ-ពាណិជ្ជកម្មខ្នាតធំដំបូងដោយធ្វើកសិកម្មឆ្លាតវៃ និងទំនើប ដើម្បីជំរុញកំណើនផលិតភាព របស់ក្រុម Agribusiness Asian Group (AAG) ដែលស្ថាបនិកជាជនជាតិអូស្រា្តលី នៅក្នុងខេត្តសៀមរាប។ គម្រោងនេះ នឹងអនុវត្តលើផ្ទៃដីប្រហែល ១ ០០០ ហិកតា ក្នុងរយៈពេល ៥ឆ្នាំ ដោយដាំដុះដំណាំពោត និងកែច្នៃកាកសំណល់កសិកម្មរបស់ខ្លួន (ចង្រ្កានពោត) ទៅជាជីវធ្យូង ដើម្បីរក្សាទុកកាបូន។

AAG បានប្តេជ្ញាចិត្តក្នុងការស្រាវជ្រាវ និងវិនិយោគលើបច្ចេកវិទ្យា ដើម្បីប្រែក្លាយកាកសំណល់កសិកម្មដែលមិនត្រូវបានដុត ទៅជាជីវឧស្ម័ន សំណល់ដំណាំ (ជីវម៉ាស)។ ជីវម៉ាសត្រូវបានដុតនៅសីតុណ្ហភាព ៦០០ អង្សាសេ ដើម្បីឈានដល់ជីវម៉ាសកម្រិតខ្ពស់ ហើយជីវឧស្ម័នទាំងនោះ នឹងចាប់យក និងរក្សាទុកកាបូនបានរហូតដល់ ១ ០០០ឆ្នាំ។ ជីវម៉ាសចុងក្រោយដែលទទួលបាន នឹងយកទៅប្រើលើដីដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពដី រួមមាន៖ ការបង្កើន pH ដី បរិយាកាសដី សមត្ថភាពផ្ទុកសារធាតុចិញ្ចឹម និងសកម្មភាពអតិសុខុមប្រាណក្នុងដី។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋលេខាធិការ បានស្នើឱ្យ AAG សិក្សាបន្ថែមលើការប្រែក្លាយកាកសំណល់កសិកម្មលើដំណាំស្រូវ (ជាពិសេសចំបើង) និងដំណាំដទៃទៀត ដែលអាចជា Bio Recycle។ តាមរយៈការអនុវត្តលើដី ១ ០០០ហិកតាក្នុងដំណាក់កាលដំបូង AAG អាចពិចារណាពង្រីកឱ្យកាន់តែធំជាងនេះបន្ថែមទៀត ករណីមានការសិក្សាលើសេដ្ឋកិច្ចច្បាស់លាស់ លើដំណាំពោតដែលអាចផ្តល់ប្រាក់ចំណេញខ្ពស់ជាងដំណាំផ្សេងៗ។

បើតាមឯកឧត្តម ប្រាក់ ដាវីដ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងពិចារណាក្នុងការសហការគ្នា ដោយផ្អែកលើគោលនយោបាយរបស់ក្រសួង តាមរយៈកសិកម្មបែបទំនើប ដោយបង្កើតនូវម៉ូឌែលអាជីវកម្មថ្មី ដើម្បីជួយដល់កសិកម្ម និងកសិកម្មបែបទំនើប និងកំណត់យកទីផ្សារឱ្យច្បាស់នូវផលចំណេញសេដ្ឋកិច្ច ក្នុងការជួយដល់ការអនុវត្តគម្រោងខាងលើ៕

ប្រភព៖ ក្រសួងព័ត៌មាន