កម្ពុជា ជំរុញវៀតណាមឱ្យរួមគ្នាសម្រេចទំហំពាណិជ្ជកម្មដល់ ២០ប៊ីលានដុល្លារនាអនាគតដ៏ខ្លី
សេដ្ឋកិច្ច May 24, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឆ្លៀតក្នុងឱកាសសន្និសីទអន្តរជាតិលើកទី២៩ ស្តីពីអនាគតរបស់អាស៊ី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Lee Minh Khai ឧបនាយករដ្ឋមន្ត្រី សាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានការចូលរួមពីឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន និងគណៈប្រតិភូអមនៃប្រទេសទាំងពីរ។

តាមប្រភពព័ត៌មានពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា ក្នុងជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបង្ហាញការតាំងចិត្ត និងស្នើឱ្យមានការចូលរួមពីភាគីមិត្តវៀតណាម ធ្វើយ៉ាងណាសម្រេចទិសដៅក្នុងការបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យដល់ ២០ប៊ីលានដុល្លារអាមេរិក នៅថ្ងៃអនាគតដ៏ខ្លីខាងមុខ។

សូមបញ្ជាក់ជូនថា តាម​ទិន្នន័យ​ចេញផ្សាយ​ដោយ​អគ្គនាយកដ្ឋាន​គយ​ ​និង​រដ្ឋាករ​ ​កាលពី​ពេលថ្មីៗនេះ ​ប្រទេស​វៀតណាម​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំបំផុត​ទីពីរ​របស់​កម្ពុជា​ ​បន្ទាប់ពី​ប្រទេស​ចិន​ ​ដែល​មាន​ទំហំ​ពាណិជ្ជកម្ម​កើន​ឡើង​ដល់​ ​២​៤​,​៥​ ​ភាគរយ​ ​ដល់ទៅ​ ​២​,​៣​២​ ​ពាន់​លាន​ដុល្លារ​ក្នុងរយៈពេល​បី​ខែ​ដំបូង​នៃ​ឆ្នាំនេះ​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​។​​ នេះបើយោងតាមការផ្សាយក្នុងគេហទំព័រ Khmer Times។

​វៀតណាម​ ក៏​ជាទី​ផ្សារ​នាំចេញ​ធំ​ទីពីរ​របស់​កម្ពុជា​បន្ទាប់ពី​សហរដ្ឋអាមេរិក​ជាមួយនឹង​ទឹកប្រាក់​ ​១​,​៣​៩​ ​ពាន់​លាន​ដុល្លារ​ក្នុង​ត្រីមាស​ទី​១​ ​កើន​ឡើង​៥​៣​ ​ភាគរយ​។​ ​ដោយឡែក កម្ពុជា​ភាគច្រើន​នាំចេញ​ផលិតផល​កសិកម្ម​ដូចជា​ ​គ្រាប់ស្វាយ​ចន្ទី​ ​ដំឡូងមី​ ​ដូង​ ​និង​កៅស៊ូ​ទៅ​វៀតណាម៕

ប្រភព៖ ក្រសួងព័ត៌មាន