លោកជំទាវ ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការតភ្ជាប់ការហោះហើរត្រង់ ពីឥណ្ឌាមកកម្ពុជា ដែលផ្ដួចផ្ដើមឡើងដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នឹងដំណើរការក្នុងពេលឆាប់ៗនេះ។
លោកជំទាវ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បានធ្វើការបញ្ជាក់បែបនេះ នៅក្នុងជំនួបជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃចន្ទ ១៣ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ថ្មីៗនេះ។
ក្នុងឱកាសនោះ លោកជំទាវ បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានផ្ដួចផ្ដើមឲ្យមានការតភ្ជាប់ការហោះហើរត្រង់ ពីឥណ្ឌាមកកម្ពុជា ដែលនឹងដំណើរការក្នុងពេលឆាប់ៗនេះ ដោយលោកជំទាវចាត់ទុកថា សុបិនរបស់យើងបានក្លាយជាការពិត ដែលទាំងអស់នេះនឹងជួយឲ្យទំនាក់ទំនងរវាងប្រទេសយើងទាំងពីរកាន់តែជិតស្និទ្ធ ជាពិសេសទំនាក់ទំនងរវាងប្រជាជន និងប្រជាជន មានជំនឿជឿទុកចិត្តគ្នាបន្ថែមទៀត ក៏ដូចជាការជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរផងដែរ។
ទន្ទឹមនឹងនេះ លោកជំទាវក៏បានអរគុណសម្តេចតេជោ ដែលបានជូនពរដល់ការបោះឆ្នោតនៅប្រទេសឥណ្ឌា ហើយលោកជំទាវសង្ឃឹមថា ក្រោយការបោះឆ្នោតរដ្ឋាភិបាលថ្មីរបស់ឥណ្ឌា នឹងមានទំនាក់ទំនងល្អបន្តទៀតជាមួយនឹងកម្ពុជា។ លោកជំទាវ ក៏បានអរគុណផងដែរ ដែលកម្ពុជាបានមើលឃើញថា ប្រទេសឥណ្ឌាគឺជាប្រភពនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលប្រទេសឥណ្ឌាជាប្រទេសដែលមានភាពជឿនលឿនសេដ្ឋកិច្ចលំដាប់ទី៣លើពិភពលោក។ លោកជំទាវសង្ឃឹមថាទំនាក់ទំនង វិស័យនយោបាយ សេដ្ឋកិច្ច និងសន្តិសុខ នឹងត្រូវបានលើកកម្ពស់បន្ថែមទៀត ហើយសង្ឃឹមថា នៅឆ្នាំនេះនាយករដ្ឋមន្ត្រីថ្មី នៃប្រទេសឥណ្ឌា និងសម្ដេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងមានឱកាសជួបគ្នា។
សម្ដេចតេជោ បានអបអរសាទរដែលប្រទេសឥណ្ឌាខិតខំបង្កើតឲ្យមាន ព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រកម្ពុជា ទៅកាន់ប្រទេសឥណ្ឌា ហើយសម្ដេចតេជោបានចាត់ទុកថា នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ នៃទំនាក់ទំនងកម្ពុជា និងឥណ្ឌា។ សម្ដេចតេជោបានរំលឹកថា នៅក្នុងឆ្នាំ១៩៧៩ ក្រោយប្រទេសកម្ពុជាត្រូវបានរំដោះពីរបបប៉ុលពត ពេលនោះ ប្រទេសឥណ្ឌាគឺជាប្រទេសប្រជាធិបតេយ្យតែមួយគត់ នៅលើសកលលោក ដែលបានទទួលស្គាល់កម្ពុជា នៅពេលដែលប្រទេសដទៃទៀតទាំងលោកខាងលិច ទាំងអឺរ៉ុប មានភាពច្របូកច្របល់នាំគ្នាដាក់ទណ្ឌកម្មទាំងផ្នែកនយោបាយ សេដ្ឋកិច្ច ការទូត មកលើកម្ពុជា ដែលទើបតែរំដោះពីរបបប្រល័យពូជសាសន៍។ សម្ដេចបានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់សម្ដេចទៅកាន់ប្រទេសឥណ្ឌានារយៈពេលកន្លងទៅនេះ បានបង្ហាញពីការទទួលយកពីស្ថានភាពជាក់ស្ដែងរបស់កម្ពុជា។ សម្ដេចតេជោក៏បានរំលឹក ពីតួនាទីរបស់កម្ពុជាក្នុងការនាំឥណ្ឌាចូលមកក្នុងអាស៊ាន ដែលយើងធ្លាប់ធ្វើជាសហប្រធានរួមគ្នាក្នុងខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា ក្នុងឆ្នាំ២០១២។ ហើយការរីកចម្រើនរបស់ឥណ្ឌាត្រូវបានចាត់ទុកជាសសរទ្រូងដែលបានចូលរួមចំណែកក្នុងការទប់ស្កាត់វិបត្តិនៅតំបន់អាស៊ីផងដែរ។ សម្ដេចបានគាំទ្រឥណ្ឌាហើយចាត់ទុកឥណ្ឌា ដែលមានប្រជាជនច្រើន មានសេដ្ឋកិច្ចរីកលូតលាស់ ហើយតួនាទីរបស់ឥណ្ឌាគួរតែក្លាយជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។ សម្ដេចតេជោក៏បានអរគុណឥណ្ឌាដែលបានជួយបណ្ដុះបណ្ដាលធនធានមនុស្ស ដែលកន្លងទៅបានផ្ដល់អាហារូបករណ៍ដល់មន្ត្រីកម្ពុជាជាច្រើនអ្នកទៅបន្តការសិក្សានៅប្រទេសឥណ្ឌា។ សម្ដេចក៏បានអរគុណដល់ឥណ្ឌាដែលបានធ្វើជាសហប្រធាន ICC ព្រះវិហារ ដែលជាការជួយថែរក្សាបេតិកភណ្ឌវប្បធម៌ ដ៏អស្ចារ្យរបស់កម្ពុជា។ សម្ដេចតេជោក៏បានអបអរសាទរផងដែរចំពោះការតភ្ជាប់ហោះហើរត្រង់ រវាងរដ្ឋធានីនៃប្រទេសទាំងពីរ ដែលទាំងនេះនឹងជំរុញឲ្យទំនាក់ទំនងរវាងប្រជាជននិងប្រជាជនកាន់តែមានភាពជិតស្និទ្ធ និងល្អប្រសើរបន្ថែមទៀត៕




ប្រភព៖ ក្រសួងព័ត៌មាន


