ម្ចាស់ភាគហ៊ុនធំអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គ្រោងអភិវឌ្ឍតំបន់សេដ្ឋកិច្ចនៅជិតអាកាសយានដ្ឋាន ដោយផ្ដោតលើវិស័យថាមពល ទេសចរណ៍ និងកសិកម្ម
សេដ្ឋកិច្ច May 17, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុនវិនិយោគដ៏ធំមួយរបស់ប្រទេសចិន Yunnan Investment Holding Group Co., Ltd (YIG) ស្វែងរកឱកាសវិនិយោគលើគម្រោងអភិវឌ្ឍតំបន់សេដ្ឋកិច្ចនៅជិតអាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរ ដោយផ្ដោតលើការវិនិយោគលើវិស័យថាមពល វិស័យទេសចរណ៍ និងវិស័យកសិកម្ម។

គម្រោងវិនិយោគខាងលើនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា រួមជាមួយគណៈប្រតិភូក្រុមហ៊ុន YIG ដឹកនាំដោយលោក Lu Xiaolong ប្រធានក្រុមប្រឹក្សាភិបាល និងដោយមានការចូលរួមអមពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុន Angkor International Airport Investment Group (AIAI)។

នាជំនួបនោះ លោក Lu Xiaolong ប្រធានគណៈប្រតិភូ បានបង្ហាញនូវការកត់សម្គាល់អំពីភាពរីកចម្រើនឥតឈប់ឈររបស់កម្ពុជា និងបានជម្រាបជូនអំពីបំណងនៃការជួបពិភាក្សានាថ្ងៃនេះគឺដើម្បីស្វែងរកការគាំទ្រដល់គម្រោងវិនិយោគអភិវឌ្ឍតំបន់សេដ្ឋកិច្ចនៅជិតអាកាសយានដ្ឋាន ហើយដែលការវិនិយោគនោះគ្រោងនឹងផ្តោតលើសកម្មភាពបថមចំនួន៣ គឺ៖ ទី១-ការវិនិយោគថាមពលកកើតឡើងវិញដើរដោយពន្លឺព្រះអាទិត្យ, ទី២-ការវិនិយោគក្នុងវិស័យទេសចរណ៍ និង ទី៣-ការវិនិយោគក្នុងវិស័យកសិកម្ម។

ជាមួយគ្នានោះ ឯកឧត្តមអគ្គលេខាធិការ បានសម្តែងនូវការគាំទ្រដល់គម្រោងវិនិយោគរបស់ក្រុមហ៊ុន ដែលគម្រោងវិនិយោគទាំងនេះនឹងជួយចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ពិសេស ការបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបានជំរុញឱ្យភាគីចិនជួយទាក់ទាញទេសចរឱ្យមកទស្សនាកម្ពុជាឱ្យបានច្រើន ពិសេស ខេត្តសៀមរាប ព្រមទាំងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើការគិតគូរក្នុងការវិនិយោគកែច្នៃកសិផលកម្ពុជាដើម្បីបម្រើឱ្យការផ្គត់ផ្គង់ដល់ទីផ្សារក្នុងស្រុក និងការនាំចេញ ជាពិសេស ការជំរុញការនាំចេញនៅនឹងកន្លែងតាមរយៈភ្ញៀវទេសចរដែលមកទស្សនាកម្ពុជា។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន YIG ជាក្រុមហ៊ុនវិនិយោគដ៍ធំមួយដែលមានសកម្មភាពក្នុងវិស័យដឹកជញ្ជូនផ្លូវដែក ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ និងវិស័យថាមពលកកើតឡើងវិញ ។ល។ ហើយក៏ជាម្ចាស់ភាគហ៊ុនធំនៃគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរផងដែរ៕

អត្ថបទ៖ លីនី