អស្ចារ្យណាស់! ក្រុមហ៊ុនជប៉ុនមួយ ទទួលបានជោគជ័យក្នុងការបង្កើតសិប្បកម្មនៅកម្ពុជា ច្នៃដើមកំប្លោកចម្រាញ់ចេញជាស្រាសម្យ៉ាងដ៏ប្រណិត
សេដ្ឋកិច្ច May 17, 2024 Khmernote

ក្រុមហ៊ុនជប៉ុនមួយ ទទួលបានជោគជ័យក្នុងការផលិតស្រាសម្យ៉ាង (Craft gin with bioethanol) ដែលចម្រាញ់ និងច្នៃចេញពី ដើមកំប្លោក នៅកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ ស្ថានទូតជប៉ុននៅកម្ពុជា នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នេះ។

ទន្ទឹមនឹងនេះដែរ បើតាមការចុះផ្សាយរបស់ផេកផ្លូវការ Japan – The Government of Japan ដែលមានអ្នកតាមដានជាង ៣លាននាក់ បានបញ្ជាក់ថា ក្រុមហ៊ុនជប៉ុនមួយ កំពុងជួយសហគមន៍នៅកម្ពុជា កែច្នៃកាកសំណល់ទៅជារបស់ដ៏អស្ចារ្យ តាមរយៈការផលិតស្រាសម្យ៉ាងដែលចម្រាញ់ និងច្នៃចេញពី ដើមកំប្លោក។

ប្រភពខាងលើបានបញ្ជាក់ឱ្យដឹងថា ក្រុមហ៊ុន Sunwaspa ដែលមានជំនាញក្នុងការលក់ដុំ និងនាំចេញនូវធនធានដែលអាចកែច្នៃឡើងវិញបាន ទទួលបានជោគជ័យក្នុងការបង្កើតសិប្បកម្មផលិតស្រាស ជាមួយនឹង bioethanol ចម្រាញ់ចេញពីដើមកំប្លោក បន្ទាប់ពីបានឃើញថា ភូមិលើទឹកមួយនៅតំបន់បឹងទន្លេសាប កំពុងប្រឈមនឹងការដុះទ្រប់ទ្រុលនៃដើមកំប្លោក។

ជាមួយគ្នានេះក្រុមហ៊ុនក៏បានបញ្ជាក់ផងដែរថា ដើមកំប្លោកអាចមានសក្ដានុពល ក្នុងការផលិតជាប្រភពឥន្ធនៈ ប៉ុន្តែឥឡូវ រុក្ខជាតិមួយនេះត្រូវបានប្រើប្រាស់ដើម្បីផលិតស្រាស នៅសិប្បកម្មចម្រាញ់ក្នុងស្រុក ដើម្បីអាចជួយដល់ការរស់នៅរបស់ប្រជាជនកម្ពុជាទទួលបានប្រាក់ចំណូល សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ៕

អត្ថបទ៖ លីនី
ប្រភព៖ Japan – The Government of Japan
ស្ថានទូតជប៉ុននៅកម្ពុជា