ក្រុមហ៊ុនឯកជនមួយ មានបង្ហាញបំណងចង់បើកមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត និងសន្យាថា នឹងបើកឱ្យបាននៅពេលខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។
តាមរយៈការចុះផ្សាយនៅលើផេកផ្លូវការ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កាលពីថ្ងៃទី៨-៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណ:ប្រតិភូក្រសួងពាណិជ្ជកម្ម ទៅបំពេញទស្សនកិច្ចនៅទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃ ដោយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ គណ:ប្រតិភូបានបំពេញទស្សនកិច្ចនៅផ្សារលក់ដុំទំនិញមួយកន្លែងមានឈ្មោះថាតាឡាតថៃ ដែលជាផ្សារធំជាងគេនៅទីក្រុងបាងកក មានលក់ផលិតផលកសិកម្ម បន្លែ ផ្លែឈើ ត្រីសាច់ គ្រឿងឧបភោគបរិភោគ និងផលិតផលចម្រុះ ប្រមាណជាង ២ ០០០ មុខទំនិញ។
បន្ទាប់មក នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ គណ:ប្រតិភូបានបន្តទៅទស្សនាផ្សារលក់ដុំទំនិញមួយទៀតមានឈ្មោះថា ផ្សារស៊ីមុំមឿង ជាផ្សារធំបន្ទាប់ពីផ្សារតាឡាតថៃ នៅទីក្រុងបាងកក។ ផ្សារនេះមានលក់ផលិតផលកសិកម្ម បន្លែ ផ្លែឈើ ត្រីសាច់ និងផលិតផលចម្រុះ ប្រមាណជាង ១ ៣០០ មុខទំនិញ មានអ្នកលក់ជាង ៣ ៥០០ នាក់ ជាផ្សារបន្លែធំនៅតំបន់អាស៊ាន ហើយផ្សារនេះបម្រើសេវាកម្ម ២៤ម៉ោងលើ២៤ម៉ោង ដោយចែកចាយទំនិញទាំងក្នុងតំបន់ជុំវិញទីក្រុងបាងកក និងទៅគ្រប់ភូមិភាគទូទាំងប្រទេសថៃ។
នារសៀលថ្ងៃដដែលនោះ គណ:ប្រតិភូបានទទួលជួបក្រុមហ៊ុនឯកជន ដែលមានបំណងចង់បើកមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅក្រៅប្រទេស ដោយក្នុងជំនួបនោះ ឯកឧត្ដមរដ្ឋលេខាធិការ បានជម្រាបជូនក្រុមហ៊ុនអំពីលក្ខខណ្ឌតម្រូវ និងនីតិវិធីមួយចំនួនដែលក្រុមហ៊ុនត្រូវបំពេញ ដើម្បីអាចបើកមជ្ឈមណ្ឌលពាណិជ្ជកម្មនៅក្រៅប្រទេសបាន។ ជាមួយគ្នានេះ ភាគីក្រុមហ៊ុនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណ:ប្រតិភូ ដែលបានពន្យល់ពីនីតិវិធី និងលក្ខខណ្ឌចាំបាច់ ហើយបានបង្ហាញពីចំណាប់អារម្មណ៍ ព្រមទាំងសន្យាថា នឹងខិតខំបើកមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ឱ្យបាននៅពេលខាងមុខ។
សូមបញ្ជាក់ថា នៅទូទាំងប្រទេសថៃ មានផ្សារលក់ដុំទំនិញចំនួន ១៧ កន្លែង ដោយចងក្រងជាសមាគមផ្សារលក់ដុំទំនិញដ៏ធំមួយ។ ផ្សារលក់ដុំទំនិញទាំងនេះ ជាចំណុចកណ្ដាលមានកិច្ចសម្របសម្រួលយ៉ាងល្អមួយ ដែលអ្នកលក់ អាចលក់ទំនិញរបស់ខ្លួនក្នុងបរិមាណច្រើន ហើយអ្នកទិញ ដូចជា សណ្ឋាគារ ភោជនីយដ្ឋាន អ្នកលក់រាយ ។ល។ ក៏មានភាពងាយស្រួលក្នុងការរកទិញទំនិញបានច្រើនមុខ ក្នុងបរិមាណច្រើន ក្នុងកន្លែងតែមួយបាន។ ផ្សារនេះក៏មានតួនាទី ដោះស្រាយការកកស្ទះទំនិញក្នុងរដូវប្រមូលផលផងដែរ៕











ប្រភព៖ ក្រសួងពាណិជ្ជកម្ម


