លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានជំរុញឱ្យក្រុមហ៊ុន Hyundai Agro (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុននាំចូល និងចែកចាយកសិផលខ្មែរនៅប្រទេសកូរ៉េខាងត្បូង ឱ្យនាំចូល និងចែកចាយកសិផលខ្មែរឱ្យច្រើនថែមទៀត និងបន្ថែមមុខទំនិញដូចជា មៀនប៉ៃលិន និងចេក ជាដើម។
ការជំរុញដល់ក្រុមហ៊ុនខាងលើនេះ គឺត្រូវបានធ្វើឡើងនៅក្នុងឱកាសដែល លោកជំទាវ ចម និម្មល បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ធ្វើទស្សនកិច្ចនៅឃ្លាំងស្តុកកសិផលមួយកន្លែងនៅទីក្រុងសេអ៊ូល ដើម្បីស្វែងយល់អំពីខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ការដឹកជញ្ជូន ការរក្សាទុក និងការចែកចាយកសិផលនាំចូលពីកម្ពុជាមកទីផ្សារកូរ៉េ ដែលក្នុងនោះដែរ ក៏មានផ្លែស្វាយរបស់កម្ពុជាម៉ាករំដួល ដែលត្រូវបាននាំចូលនិងចែកចាយដោយក្រុមហ៊ុន Hyundai Agro (Cambodia) Co., Ltd.។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវរដ្ឋមន្រ្តីបានជម្រាបជូនក្រុមហ៊ុនអំពីសក្តានុពលផលិតកម្មកសិកម្ម ក្នុងនោះរួមទាំង ផ្លែឈើស្រស់របស់កម្ពុជា និងបានជំរុញឱ្យក្រុមហ៊ុនជួយជំរុញ នាំចូលនិងចែកចាយឱ្យកាន់តែច្រើនថែមទៀតនូវកសិផលកម្ពុជាបន្ថែមពីផ្លែស្វាយ គឺដូចជា មៀនប៉ៃលិន ចេក ជាដើម៕








អត្ថបទ៖ លីនី
ប្រភព៖ ក្រសួងពាណិជ្ជកម្ម


