ក្រុមហ៊ុនធំមួយរបស់ជប៉ុន ចុះហត្ថលេខាជាមួយកម្ពុជា លើកិច្ចព្រមព្រៀងជួលដីឧស្សាហកម្មរយៈពេលវែង
សេដ្ឋកិច្ច May 10, 2024 Khmernote

ក្រុមហ៊ុន MinebeaMitsumi ដែលជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន បានចុះហត្ថលេខាជាមួយកម្ពុជា លើកិច្ចព្រមព្រៀងជួលដីឧស្សាហកម្មរយៈពេលវែង។ នេះបើយោងតាមការដកស្រង់ពីការចុះផ្សាយរបស់ ក្រុមប្រឹក្សាប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង នេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ រវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក. អមដោយ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងគណៈប្រតិភូកម្ពុជា ជាមួយលោក Yoshihisa Kainuma ប្រធានក្រុមហ៊ុន ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងវិស័យឯកជនឱ្យកាន់តែយល់ចិត្តគ្នាទៅវិញទៅមកបន្ថែមមួយកម្រិតទៀត កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា ឆ្នាំ២០២៤ នៅឯទីក្រុងតូក្យូ ប្រទេសជប៉ុន។

មានមតិសំណេះសំណាលក្នុងកម្មវិធីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះ Minebea ដែលបានផ្តល់នូវសេចក្តីទុកចិត្តខ្ពស់មកលើរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តាមរយៈការបណ្តាក់ទុនវិនិយោគក្នុងទំហំដ៏ច្រើនគួរឱ្យកត់សម្គាល់។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានចូលរួមសម្តែងនូវសេចក្តីសាទរយ៉ាងក្លៀវក្លា ជូនភាគីក្រុមហ៊ុនសម្រាប់ភាពជោគជ័យនៃប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជា ហើយសមិទ្ធកម្មនៃភាពជោគជ័យខាងលើស្តែងចេញតាមរយៈការបន្តពង្រីកគម្រោងវិនិយោគរបស់ខ្លួនឱ្យមានកំណើនជាលំដាប់។

ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបង្ហាញនូវជំនឿចិត្តថា MinebeaMitsumi នឹងបន្តចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្កើតការងារជូនប្រជាពលរដ្ឋក្នុងស្រុក និងជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរីកលូតលាស់ស្រស់បំព្រង។ គួរជម្រាបជូនផងដែរថា ស្របពេលនៃជំនួបពិភាក្សាខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួលដីឧស្សាហកម្មរយៈពេលវែងរបស់ក្រុមហ៊ុន MinebeaMitsumi ផងដែរ៕​

អត្ថបទ៖ លីនី