ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា បច្ចុប្បន្នគ្រាប់ស្វាយចន្ទីត្រូវបាននាំចេញទាំងជាប់សំបកក្នុងតម្លៃចន្លោះពី១ដុល្លារ ទៅ១,៥ដុល្លារ ក្នុង១គីឡូ ប៉ុន្តែបើកែច្នៃរួចទើបនាំចេញតម្លៃអាចកើនឡើងរហូតដល់ទៅ ៣-៤ដង។
តាមរយៈការបង្ហោះនៅលើផេកផ្លូការនាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបានលើកឡើងដូច្នេះថា « កម្ពុជា គឺជាប្រទេសផលិតស្វាយចន្ទីធំជាងគេមួយនៅលើពិភពលោករួចហើយ នៅឡើយតែការច្នៃប៉ុណ្ណោះ។ បច្ចុប្បន្នយើងនាំចេញគ្រាប់ស្វាយចន្ទីទាំងជាប់សំបក ក្នុងរង្វង់ពី ៧០មុឺនតោន ទៅ៨០មុឺនតោន ក្នុងថ្លៃចន្លោះពី១ដុល្លារ ទៅ១,៥ដុល្លារ ក្នុង១គីឡូ ធ្វើឱ្យវិស័យនេះមានទំហំប្រហែល ១ពាន់លានដុល្លាររួចបាត់ទៅហើយ។ ប៉ុន្តែប្រសិនបើយើងកែច្នៃរួចបានធ្វើការនាំចេញវិញ វិស័យនេះនឹងអាចមានសក្តានុពលនាំមកនូវតម្លៃបន្ថែមកើនឡើងរហូត ៣-៤ដង លើសពីនេះ ដែលនឹងចូលរួមដោយផ្ទាល់ដល់កំណើនសេដ្ឋកិច្ចជាតិពីវិស័យកសិកម្ម »។
ក្នុងនោះ ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា «កម្មវិធីប្រលងប្រជែងអ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ឆ្នាំ២០២៤» ជុំទី១ ចាប់ផ្តើមនៅខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី៕






អត្ថបទ៖ លីនី
ប្រភព៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ


