ខេត្ត ហឺណាន ប្រទេសចិន គាំទ្រ និងជំរុញការសាងសង់សួនឧស្សាហកម្មនៅកម្ពុជា ខណៈខេត្តផ្ដោតលើការវិនិយោគឧស្សាហកម្មគ្រាប់ធញ្ញជាតិ
សេដ្ឋកិច្ច April 25, 2024 Khmernote

ខេត្ត ហឺណាន របស់ប្រទេសចិន គាំទ្រ និងជំរុញការសាងសង់សួនឧស្សាហកម្ម កម្ពុជា-ចិន ក្នុងនោះខេត្តក៏ផ្ដោតលើការវិនិយោគឧស្សាហកម្មគ្រាប់ធញ្ញជាតិ។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម ២៣ ខែមេសា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។

តាមរយៈការផុសនៅលើផេកផ្លូវការ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា កាលពីព្រឹកថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤​ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តហឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ ឯកឧត្តម Sun Shougang សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនប្រចាំខេត្តហឺណាន និងជាអភិបាលរងប្រតិបត្តិខេត្តហឺណាន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងពាណិជ្ជកម្ម ជាច្រើនរូប។

គោលបំណងនៃជំនួបពិភាក្សាការងារនេះ គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងចិន ឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។ ជាមួយគ្នានេះភាគីចិនក៏បានគាំទ្រ និងជំរុញការសាងសង់សួនឧស្សាហកម្មកម្ពុជា-ចិន ដែលខេត្តហឺណាន បានផ្តោតលើការវិនិយោគឧស្សាហកម្មគ្រាប់ធញ្ញជាតិ ផងដែរ៕

អត្ថបទ៖ លីនី