ក្រុមហ៊ុនអាមេរិកមួយ បង្ហាញបំណងចង់រៀបចំព្រឹត្តិការណ៍នានានៅកម្ពុជា ពិសេសព្រឹត្តិការណ៍ចម្រៀងជាលក្ខណៈអន្តរជាតិ។ ក្នុងនោះ ក្រុមហ៊ុនក៏ស្នើសុំទៅកាន់ក្រសួងទេសចរណ៍ ដើម្បីរៀបចំព្រឹត្តិការណ៍ចម្រៀងខ្នាតអន្តរជាតិ Dakini Sky Festival 2024 នៅកម្ពុជាផងដែរ ដែលនឹងជួយទាក់ទាញភ្ញៀវទេសចរមកកម្ពុជាបន្ថែមទៀត។
យោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Olary Yim នាយិកាប្រតិបត្តិក្រុមហ៊ុន Catch International និងប្រតិភូ ដើម្បីពិភាក្សាការងារលើការជំរុញការរៀបចំព្រឹត្តិការណ៍នានានៅកម្ពុជា ពិសេសព្រឹត្តិការណ៍ចម្រៀងជាលក្ខណៈអន្តរជាតិ។
នាឱកាសនោះ លោកស្រី Olary Yim បានជម្រាបជូនពីគម្រោងក្នុងការរៀបចំព្រឹត្តិការណ៍ចម្រៀង Dakini Sky Festival 2024 និងបានស្នើសុំការគាំទ្រពីក្រសួងទេសចរណ៍។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានសាទរ និងបានលើកឡើងពីសារៈសំខាន់នៃការរៀបចំព្រឹត្តិការណ៍ធំៗ ជាពិសេសព្រឹត្តិការណ៍ចម្រៀងខ្នាតអន្តរជាតិ ដែលនឹងជួយទាក់ទាញភ្ញៀវទេសចរមកកម្ពុជាបន្ថែមទៀត។ Catch International មានសេចក្តីសោមនស្សរីករាយក្រៃលែងក្នុងឱកាសដែលទទួលបានការយកចិត្តទុកដាក់ពី ឯកឧត្តមរដ្ឋមន្ត្រី ហើយក្រុមហ៊ុននឹងខិតខំពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងទេសចរណ៍បន្ថែមទៀត និងប្តេជ្ញាចិត្តក្នុងការរៀបចំកម្មវិធីល្អៗ ពិសេសៗ ដែលផ្ដល់ផលវិជ្ជមានជាច្រើនដល់ទេសចរណ៍កម្ពុជា៕







ប្រភព៖ ក្រសួងទេសចរណ៍


