វត្តមាននៃអាកាសយានដ្ឋានអន្តរជាតិតេជោតម្លៃ ១៥០០ លានដុល្លារអាម៉េរិក នឹងក្លាយជាកក្តាលីករដ៏សំខាន់សម្រាប់ជំរុញវិស័យទេសចរណ៍
សេដ្ឋកិច្ច March 12, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា វត្តមាននៃអាកាសយានដ្ឋានអន្តរជាតិតេជោតម្លៃ១៥០០ លានដុល្លារអាម៉េរិក ដែលជាព្រលានយន្តហោះប្រភេទ 4F ដំបូងគេនៅកម្ពុជា នឹងក្លាយជាកក្តាលីករដ៏សំខាន់ និងមានសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់សម្រាប់វិស័យទេសចរណ៍។

ការគូសបញ្ជាក់របស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។

គម្រោងអភិវឌ្ឍសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់4F ត្រូវបានបែងចែកជា ៣ដំណាក់កាល។ ដំណាក់កាលទី១ អាកាសយានដ្ឋានអន្តរជាតិនេះ អាចទទួលអ្នកដំណើរបានប្រមាណ ១៣លាននាក់ក្នុងមួយឆ្នាំ, ដំណាក់កាលទី២ អាចទទួលបានអ្នកដំណើរ ៣០លាននាក់ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ អាចទទួលបានអ្នកដំណើររហូតដល់៥០លាននាក់ក្នុងមួយឆ្នាំ។

សម្ដេចធិបតី បានគូសបញ្ជាក់ថា កាលានុវត្តភាពថ្មីនៃអាកាសយានដ្ឋានអន្តរជាតិតេជោនេះ នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់សម្រាប់វិស័យទេសចរណ៍ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និយាយដោយឡែក ព្រមទាំងវិស័យទេសចរណ៍នៅទូទាំងប្រទេស និយាយជារួម។ បន្ថែមពីនេះ ក៏នឹងអាចទាក់ទាញដល់វិនិយោគិន មកវិនិយោគនៅកម្ពុជា រួមទាំងផ្តល់ប្រយោជន៍សេដ្ឋកិច្ចដល់ប្រជាពលរដ្ឋផងដែរ។

ផ្លូវអាកាស គឺជាអាទិភាពគន្លឹះទី២ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ហើយក៏ជាកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ ដោយផ្តោតលើការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទិក ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា ព្រលានយន្តហោះថ្មីដែលកំពុងសាងសង់នេះ គឺជានិមិត្តរូបនៃការរីកចម្រើនរបស់ប្រទេសកម្ពុជា ហើយវាជានិមិត្តរូបនៃការប្រែក្លាយពីប្រទេសដែលធ្លាប់មានសង្គ្រាម ទៅជាប្រទេសដែលមានសុខសន្តិភាព។

សូមរម្លឹកផងដែរថា ការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោនេះឡើងនៅលើផ្ទៃដីទំហំប្រមាណ ២ ៦០០ ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។ ព្រលានយន្ដហោះថ្មីនេះ គឺជាគម្រោងដ៏ធំដែលមានទំហំនៃការវិនិយោគប្រមាណ ១៥០០ លានដុល្លារអាម៉េរិក ជាព្រលានយន្តហោះប្រភេទ 4F ដែលអាចឱ្យប្រភេទយន្តហោះគ្រប់ធុនចុះចតបាន៕

ប្រភព៖ ក្រសួងព័ត៌មាន