យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រុមហ៊ុនសំណង់ធំៗរបស់កូរ៉េ ចំនួន២ ចុះមកពិនិត្យលទ្ធភាព និងបង្កើតកិច្ចសហប្រតិបត្តិការ ដើម្បីចូលរួមអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាន និងប្រព័ន្ធចម្រោះទឹកកខ្វក់នៅកម្ពុជា ឱ្យកាន់តែមានភាពទំនើប និងភាពធន់ខ្ពស់។
តាមរយៈការបង្ហោះនៅលើផេកផ្លូវការ ក្រសួងសាធារណការ បានបញ្ជាក់ថា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុនសំណង់កូរ៉េធំៗចំនួន០២ គឺក្រុមហ៊ុន POSCO E&C ដឹកនាំដោយលោក ដេយ៉ុន គីម (Mr. Dae-Hyun KIM) អគ្គនាយករងជាន់ខ្ពស់ និង ក្រុមហ៊ុន ILSUNG Construction Co., Ltd. ដឹកនាំដោយលោក យ៉ុងហូ លី (Mr. Yong-Ho LEE) នាយកក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមផងដែរពី ឯកឧត្តមជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនផ្សេងទៀត។
ជំនួបពិភាក្សានាឱកាសនេះ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យលទ្ធភាព និងឱកាសក្នុងការបង្កើតកិច្ចសហប្រតិបត្តិការ រវាងផ្នែករដ្ឋ និងវិស័យឯកជន សំដៅចូលរួមរអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាន និងប្រព័ន្ធចម្រោះទឹកកខ្វក់នៅកម្ពុជា ឱ្យកាន់តែមានភាពទំនើប និងភាពធន់ខ្ពស់ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ នីតិកាលទី៧ និងអាទិភាពគន្លឹះទាំង៥ ដែលបានដាក់ចេញ៕








ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន


