អ្នកវិនិយោគិនចិនតៃវ៉ាន់ច្រើនរូប ចុះមកពិភាក្សាការងារ និងស្វែងយល់ពីការវិនិយោគក្នុងវិស័យកសិកម្ម កសិឧស្សាហកម្ម និងកែច្នៃចំណីអាហារ នៅកម្ពុជា
សេដ្ឋកិច្ច March 7, 2024 Khmernote

ជាដំណឹងដ៏ល្អមួយ ខណៈអ្នកវិនិយោគិនចិនតៃវ៉ាន់ បានចុះមកពិភាក្សាការងារ និងស្វែងយល់ពីកាលានុវត្តភាពវិនិយោគក្នុងវិស័យកសិកម្ម កសិឧស្សាហកម្ម និងកែច្នៃចំណីអាហារ នៅកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤។

តាមរយៈការចុះផ្សាយនៅលើផេកផ្លូវការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានទទួលជួបសំណេះសំណាលជាមួយគណៈប្រតិភូវិនិយោគិនចិនតៃវ៉ាន់ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់ពីកាលានុវត្តភាពវិនិយោគក្នុងវិស័យកសិកម្ម កសិឧស្សាហកម្ម និងកែច្នៃចំណីអាហារ នៅកម្ពុជា។

ក្នុងជំនួបនាឱកាសនេះ ឯកឧត្តមបណ្ឌិតអគ្គលេខាធិការរង បានជម្រាបជូនគណៈប្រតិភូវិនិយោគិនអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគាំទ្រដល់ការវិនិយោគក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងកសិឧស្សាហកម្ម។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងយ៉ាងពិស្តារផងដែរអំពីការលើកទឹកចិត្តក្រោមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ចំពោះវិស័យកសិកម្ម ជាពិសេស កសិឧស្សាហកម្ម និងការកែច្នៃចំណីអាហារ និងសេវាកម្មគាំទ្រដល់វិស័យកសិកម្ម។ គណៈប្រតិភូបានយល់ច្បាស់អំពីគោលនយោបាយបើកចំហរ និងការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាឱកាសវិនិយោគដ៏សម្បូរបែបក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្មនៅប្រទេសកម្ពុជា ខណៈប្រទេសជាច្រើននៅលើពិភពលោកកំពុងប្រឈមជាមួយនឹងកំណើនតម្លៃជីកសិកម្ម ថ្នាំសម្លាប់សត្វល្អិត និងបម្រែបម្រួលអាកាសធាតុ៕

ប្រភព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា