២ខែដំបូង នៃដើមឆ្នាំ២០២៤ កម្ពុជាទទួលបានចំណូលជាង ១១លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ
ទេសចរណ៍
March 7, 2024
Khmernote
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ្រឹះស្ថានអង្គរ បានឱ្យដឹងថា រយៈពេល ២ខែដំបូងនៃឆ្នាំ២០២៤ កម្ពុជាទទួលបានចំណូល ១១ ២៣៤ ៦៧៥ ដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ជូនភ្ញៀវទេសចរបរទេស ២៣៥ ៨៥០នាក់។
នៅក្នុងសេចក្ដីប្រកាសព័ត៌មាន គ្រឹះស្ថានអង្គរ ក៏បានបញ្ជាក់ផងដែរថា ចំនួនភ្ញៀវទេសចរ និងចំណូលដែលទទួលបានខាងលើនេះ បើធៀបទៅនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២៣ មានការកើនឡើង ជាង ៥០%។
សូមបញ្ជាក់ថា ក្រៅពីប្រាក់ចំណូលចូលទស្សនារមណីយដ្ឋានអង្គរ រយៈពេល ២ខែដំបូងនៃឆ្នាំ២០២៤ នេះ គ្រឹះស្ថានអង្គរ ក៏រកចំណូល បានជាង ២៩ម៉ឺនដុល្លារ ពីការលក់សំបុត្រឱ្យភ្ញៀវបរទេសចូលទស្សនា ប្រាសាទកោះកេរ និងសំបុត្រទូកនៅកំពង់ផែចុងឃ្នៀស៕



អត្ថបទ៖ លីនី


