នៅក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងបញ្ជាក់ថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ដែលត្រូវបានប្រសិទ្ធនាមថាគម្រោង «ព្រែកជីកហ្វូណនតេជោ» និងជាគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនៅកម្ពុជា គ្រោងនឹងបើកការដ្ឋានក្នុងកំឡុង ខែមិថុនា ឬខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ។
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា៖ «ការរៀបចំធ្វើយ៉ាងណាចរចារឱ្យបាននូវកិច្ចព្រមព្រៀងសម្បទានជាមួយក្រុមហ៊ុនឯកជនចិន CRBC ដើម្បីឈានទៅរកការបើកការដ្ឋានសាងសង់គម្រោងនាវាចរណ៍ ព្រែកជីកហ្វូណនតេជោ ដែលនេះជាគម្រោងអទិភាពខ្ពស់ដែលសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាសម្តេចធិបតី ហ៊ុន ម៉ាណែត បានជម្រុញឱ្យយើងខិតខំប្រឹងប្រែងធ្វើការងារនេះឱ្យមានប្រសិទ្ធភាព ហើយសម្តេចធិបតី ក៏បានលើកឡើងថា ចង់ធ្វើឱ្យគម្រោងនេះជាគម្រោងតភ្ជាប់ផ្លូវទឹក និងសមុទ្រឱ្យបាន។ យើងសង្ឃឹមថា យើងអាចពិភាក្សា ចរចាលើកិច្ចព្រមព្រៀងសម្បទាននេះ ប្រហែលជាខែមិថុនា ឬខែកក្កដា ខាងមុខនេះ ដើម្បីឈានទៅរកការបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ»៕




អត្ថបទ៖ លីនី


