ក្រុមហ៊ុនជប៉ុនមួយ មានបំណងផ្ដល់ពូជទំពាំងបាយជូរជប៉ុន ដែលក្រុមហ៊ុនមានប៉ាតង់គ្រប់គ្រងស្រាប់ឱ្យកម្ពុជា ដើម្បីដាំដុះសាកល្បង និងចែកចាយ
សេដ្ឋកិច្ច March 1, 2024 Khmernote

ក្រុមហ៊ុន​របស់ជប៉ុនមួយមានបំណងផ្ដល់ពូជទំពាំងបាយជូរជប៉ុន ដែលក្រុមហ៊ុនមានប៉ាតង់គ្រប់គ្រងស្រាប់ មកកម្ពុជា ដើម្បីដាំដុះសាកល្បង និងចែកចាយ។

បើយោងតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានអនុញ្ញាតឱ្យ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងសហការី ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Inoue Calcium Corporation របស់ជប៉ុន នៅទីស្តីការក្រសួងកសិកម្ម។

ក្រុមហ៊ុននេះមានបំណងផ្តល់ពូជទំពាំងបាយជូជប៉ុនដែលក្រុមហ៊ុនមានប៉ាតង់គ្រប់គ្រងស្រាប់ ដល់ក្រសួងកសិកម្មកម្ពុជា ដើម្បីដាំដុះសាកល្បង និងចែកចាយ និងគ្រោងស្នើសុំនាំចូលថ្នាំកសិកម្មរបស់ក្រុមហ៊ុនដើម្បីធ្វើអាជីវកម្មនាពេលខាងមុខ។

ឯកឧត្តមរដ្ឋលេខាធិការ បានទទួលស្វាគមន៍នូវបំណងល្អ​របស់ក្រុមហ៊ុន និងណែនាំឱ្យក្រុមហ៊ុនផ្តល់ព័ត៌មានបន្ថែមអំពីប្រភេទពូជនេះ ដើម្បីអ្នកជំនាញសិក្សាលម្អិត។ ដោយឡែក ចំពោះការនាំចូលថ្នាំកសិកម្មមកធ្វើអាជីវកម្ម ឯកឧត្តមបានណែនាំឱ្យក្រុមហ៊ុនចុះបញ្ជីតាមច្បាប់របស់កម្ពុជា៕

អត្ថបទ៖ លីនី