ក្រុមហ៊ុន ផ្តល់សេវាកម្មអាកាសចរណ៍ដ៏ធំបំផុតមួយរបស់ពិភពលោក បាននិងកំពុងពិនិត្យលទ្ធភាពវិនិយោគលើវិស័យអាកាសចរណ៍ កិច្ចសម្រួលពាណិជ្ជកម្ម និងវិស័យផ្សេងទៀតក្នុងប្រទេសកម្ពុជា នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម។
តាមរយៈការចុះផ្សាយនៅលើផេកផ្លូវការ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបជាមួយលោក SUSHANT Palakurthi Rao នាយកគ្រប់គ្រង ផ្នែកទំនាក់ទំនងសកល នៃក្រុមហ៊ុន Agility គ្រុប ដើម្បីពិភាក្សានិងពិនិត្យលទ្ធភាពវិនិយោគលើវិស័យអាកាសចរណ៍ កិច្ចសម្រួលពាណិជ្ជកម្ម និងវិស័យផ្សេងទៀតក្នុងប្រទេសកម្ពុជា។ ជំនួបនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃអង្គារ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅរាជធានីអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម ក្នុងអំឡុងពេលសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៣ (MC13) នៃអង្គការពាណិជ្ជកម្មពិភពលោក (WTO)។
សូមជម្រាបថា ក្រុមហ៊ុន Agility គ្រុប គឺជាក្រុមហ៊ុនផ្តល់សេវាកម្មអាកាសចរណ៍ដ៏ធំបំផុតមួយរបស់ពិភពលោកដែលមានប្រតិបត្តិការលើទ្វីបចំនួនប្រាំមួយ ដោយផ្តល់សេវាកម្មដឹកជញ្ជូនផ្លូវគោក សេវាកម្មដឹកជញ្ជូនប្រេងឥន្ធនៈ និងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស។ ក្រុមហ៊ុននេះក៏មានសួនឧស្សាហកម្មធុនស្រាលកម្រិត “A” នៅមជ្ឈិមបូព៌ា អាហ្វ្រិក និងអាស៊ីខាងត្បូងផងដែរ៕




ប្រភព៖ ក្រសួងពាណិជ្ជកម្ម


