ពលរដ្ឋវៀតណាមច្រើនកុះករនាំគ្នាសម្រុកទៅទិញមាស នៅថ្ងៃនេះ ដែលពួកគេចាត់ទុកថា ជាថ្ងៃទេវតាទ្រព្យ “God of Wealth Day” ដើម្បីនាំលាភសំណាង
សេដ្ឋកិច្ច February 19, 2024 Khmernote

ពលរដ្ឋវៀតណាមច្រើនកុះករនាំគ្នាសម្រុកទៅទិញមាស នៅរសៀលថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ នេះ ដែលពួកគេចាត់ទុកថា ថ្ងៃនេះជាថ្ងៃទេវតាទ្រព្យ “God of Wealth Day” ដើម្បីទទួលបានលាភសំណាង។

យោងតាមការចុះផ្សាយរបស់ សារព័ត៌មាន VNExpress បានឱ្យដឹងថា គិតត្រឹម ថ្ងៃត្រង់នេះ ហាងមាសទាំងនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ ទទួលបានអតិថិជនជាច្រើន ហើយកាលពីម៉ោង ១២ ថ្ងៃត្រង់នេះ គេប្រទះឃើញមានមនុស្សជាច្រើន ឈរ និងអង្គុយតម្រង់ជួរដើម្បីរង់ចាំទិញមាស។

ពលរដ្ឋ​វៀតណាមវ័យ 73 ឆ្នាំម្នាក់ បាននិយាយថា គាត់បានទៅហាងមាសមួយកន្លែង ដើម្បីទិញចិញ្ជៀនមាស ហើយគាត់តែងតែទិញមាសនៅថ្ងៃនេះ (ថ្ងៃនៃទេវតាទ្រព្យ “God of Wealth Day”) ជារៀងរាល់ឆ្នាំ​ដើម្បី​ទទួលបានសំណាងល្អ។ ជាមួយគ្នានេះដែរ ពលរដ្ឋវៀតណាម ពីររូបទៀតបានលើកឡើងថា ពួកគេបានទិញខ្សែដៃមាសថ្មី និងទិញមាស ដោយសង្ឃឹមថាទទួលបានសំណាងពេញមួយឆ្នាំ ហើយ​​អាជីវកម្ម​របស់ពួកគេរីក​ចម្រើន​សម្រាប់​ខែ​ខាង​មុខ។

សូមបញ្ជាក់ថា ជនជាតិវៀតណាមចូលចិត្តទិញមាស ដើម្បីប្រារព្ធថ្ងៃនៃទេវតាទ្រព្យ “God of Wealth Day ” ដែលជាថ្ងៃទីដប់នៃពិធីបុណ្យចូលឆ្នាំថ្មី ដូចដែលមាននៅក្នុងរឿងព្រេងនិទានថា ទេវតាទ្រព្យត្រឡប់ទៅកាន់ឋានសួគ៌នៅថ្ងៃទីដប់នៃខែទី១ តាមច័ន្ទគតិជារៀងរាល់ឆ្នាំ។ ជាមួយគ្នានេះដែរ ប្រជាជនវៀតណាមចាត់ទុកថ្ងៃនេះ ជាថ្ងៃទេវតាទ្រព្យ ដូច្នេះហើយ ពួកគេមានទំនៀមទម្លាប់ទិញមាសខ្លះ ដើម្បីនាំលាភសំណាង និងភាពរុងរឿងពេញមួយឆ្នាំ៕

អត្ថបទ៖ លីនី
ប្រភព៖ VNExpress , vietnamplus