កោះ Bali របស់ប្រទេសឥណ្ឌូនេស៊ី បានចាប់ផ្ដើមយកពន្ធលើភ្ញៀវទេសចរបរទេសក្នុងម្នាក់ចំនួន ១៥០,០០០ រូពី (ប្រមាណ ១០ដុល្លារ) ដោយការយកពន្ធនេះ ត្រូវបានអនុវត្តកាលពីថ្ងៃទី១៣ ខែមករា មកម្ល៉េះ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ឥណ្ឌូនេស៊ី។
អភិបាលស្តីទីកោះបាលី លោក Sang Made Mahendra Jaya បានមានប្រសាសន៍ថា ការយកពន្ធនេះ គឺមានគោលបំណងការពារវប្បធម៌ និងបរិស្ថាននៅកោះបាលី។ ជាមួយគ្នានេះដែរ ថ្លៃសេវានេះនឹងត្រូវបង់តាមអេឡិចត្រូនិក តាមរយៈវិបផតថលឈ្មោះថា “Love Bali” ហើយនឹងអនុវត្តចំពោះភ្ញៀវទេសចរបរទេសដែលចូលមកកោះបាលី មកពីបរទេស ឬពីផ្នែកផ្សេងទៀតនៃប្រទេសឥណ្ឌូនេស៊ី ដោយការយកពន្ធនេះ នឹងមិនអនុវត្តចំពោះភ្ញៀវទេសចរឥណ្ឌូនេស៊ីក្នុងស្រុកនោះឡើយ។
គួរបញ្ជាក់ផងដែរថា យោងតាមតួលេខផ្លូវការ ភ្ញៀវទេសចរជិត ៤.៨ លាននាក់ បានទៅលេងកោះបាលីនៅចន្លោះខែមករា ដល់ខែវិច្ឆិកាឆ្នាំមុន បន្ទាប់ពីកោះនេះ បានបើកដំណើរការឡើងវិញក្រោយបិទខ្ទប់ដោយសារជំងឺកូវីដ-១៩៕


អត្ថបទៈ លីនី
ប្រភព៖ vietnamplus


