« ក្នុងបុព្វហេតុ ឯករាជ្យ និង អធិបតេយ្យជាតិ, សមិទ្ធកម្មដ៏ល្អនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានពង្រឹងឱ្យកាន់តែមាំមួនឡើង នូវភាពជាម្ចាស់ និង តួនាទីរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទទួលខុសត្រូវលើជោគវាសនារបស់ប្រទេសជាតិ ដោយបានកាត់បន្ថយការពឹងផ្អែកលើការខ្ចីពីក្រៅប្រទេស ដែលបច្ចុប្បន្ន ការខ្ចីពីក្រៅប្រទេសប្រចាំឆ្នាំមានទំហំមិនដល់ ២០ ភាគរយនៃថវិកាជាតិសរុបនោះទេ ។ ផ្ទុយទៅវិញ, នៅក្នុងអតីតកាល ៣០ ឆ្នាំមុន, ចំណូលក្នុងស្រុកដែលយើងរកបានដោយខ្លួនឯង មានត្រឹមប្រមាណមួយភាគបីនៃថវិកាជាតិសរុប តែប៉ុណ្ណោះ, បានន័យថា តម្រូវការប្រមាណពីរភាគបីនៃថវិកាជាតិ ត្រូវបានដោះស្រាយដោយប្រភពធនធាន ជាជំនួយហិរញ្ញវត្ថុពីក្រៅប្រទេស»។ នេះជាការថ្លែងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី “បិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤” នាព្រឹកថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងបន្ថែមថា ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល ទៅលើទិសដៅអនាគតដែលយើងត្រូវធ្វើដំណើររួមគ្នា លើវីថីនៃការកែទម្រង់ គ្រប់ជ្រុងជ្រោយកាន់តែមុតស្រួច និង កាន់តែស៊ីជម្រៅ ។ នៅក្នុងសេចក្ដីដែលខ្ញុំលើកឡើងខាងក្រោមនេះ ក៏មាននូវអនុសាសន៍មួយចំនួន ដែលគ្រប់ក្រសួង-ស្ថាប័នទាំងអស់ រួមទាំងគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អាចយកទៅធ្វើជាធាតុចូលបន្ថែមសម្រាប់ការតម្រង់ទិសការងារ និង ការរៀបចំយុទ្ធសាស្ត្រតទៅមុខ ផងដែរ ៖ទី១. របៀបវារៈគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល រំលេចច្បាស់លាស់រួចហើយ ក្នុងកម្មវិធីនយោបាយ, យុទ្ធសាស្ត្រ, និង គោលនយោបាយតាម វិស័យនានា, ជាពិសេស ក្នុង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព : កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុ-នីតិកាលទី ៧ ត្រូវបានវិស័យកម្ពុជា ឆ្នាំ ២០៥០ ដែលខ្ញុំបានប្រកាសដាក់ឱ្យអនុវត្ត ក្នុងកិច្ចប្រជុំពេញអង្គលើកដំបូងនៃគណៈរដ្ឋមន្ត្រី នីតិកាលទី ៧ នៃរដ្ឋសភា, កាលពីថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២៣។
សម្ដេចធិបតី បានថ្លែងបន្តថា កាលណានិយាយពីការកែទម្រង់អភិបាលកិច្ច គឺយើងត្រូវគិតដល់ការកែទម្រង់ផ្នែកគ្រប់គ្រងស្ថាប័ន, ប្រព័ន្ធថវិកា, ក្របខ័ណ្ឌគតិយុត្ត, និងធនធានមនុស្ស, ជាកញ្ចប់តែមួយ សំដៅធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់, ខ្លាំង, វៃឆ្លាត និង ស្អាតស្អំ តាមរយៈ ការអនុវត្តសិទ្ធិអំណាចរដ្ឋ ខាងផ្នែកនយោបាយ, សេដ្ឋកិច្ច និង រដ្ឋបាល ក្នុងការដឹកនាំ, ការគ្រប់គ្រង និងការចាត់ចែងកិច្ចការប្រទេសជាតិ,ពិសេស ការធានានិរន្តរភាពនៃតួនាទី និង ដំណើរការរដ្ឋ ព្រមជាមួយនឹងការរដ្ឋបាលសាធារណៈ ដោយយកចិត្តទុកដាក់លើផលប្រយោជន៍ប្រជាជន,កសាងជាតិ និង ការពង្រឹងនីតិរដ្ឋ សំដៅគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និង ចីរភាព ។
ក្នុងស្មារតីនេះ, សម្ដេចធិបតី បានសម្រេចចិត្តទទួលដឹកនាំផ្ទាល់ លើការងារពាក់ព័ន្ធនឹង «វិធានការគន្លឹះ» ចំនួន ៣ ក្នុងចំណោមវិធានការគន្លឹះទាំង ៥ ដែលខ្ញុំបានប្រកាសដាក់ចេញ ជាមួយ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ក្នុងសម័យប្រជុំដំបូងនៃគណៈរដ្ឋមន្ត្រី គឺ ៖ ១. ការកែទម្រង់គុណភាពរដ្ឋបាលសាធារណៈ ដោយផ្តោតជាពិសេសលើការជ្រើសរើសមន្ត្រី, ការពង្រឹងប្រសិទ្ធភាពស្ថាប័ន, និង ការរៀបចំនូវប្រព័ន្ធលើកទឹកចិត្តមួយដែលផ្អែកលើសមិទ្ធកម្ម; ២. ការកែទម្រង់គុណភាពវិស័យអប់រំ, ជាពិសេស ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា; និង ៣. ការកែទម្រង់គុណភាពវិស័យសុខាភិបាល, ជាពិសេស នៅតាមមណ្ឌលសុខភាព និង មន្ទីរពេទ្យបង្អែកនៅទូទាំងប្រទេស៕





ប្រភព៖ ក្រសួងព័ត៌មាន


