ខេត្តកំពង់ស្ពឺ៖ ព្រឹកថ្ងៃអង្គារ ១២ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍន៍កុមារតូច បានចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទារកដ្ឋានសហគមន៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
ទារកដ្ឋានសហគមន៍ គឺជាមណ្ឌលមើលថែទាំកុមារតូចប្រកបដោយជំនាញវិជ្ជាជីវៈដំបូងគេ និងជាគំរូនៅកម្ពុជា ព្រមទាំងជាសមិទ្ធិផលមួយឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់គ្រប់ភាគីពាក់ព័ន្ធប្រកបដោយការយកចិត្តទុកដាក់ ឆន្ទៈ សាមគ្គីភាព និងការទទួលខុសត្រូវចំពោះអនាគតកុមារកម្ពុជា។
យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានស្នើឱ្យក្រសួងអប់រំ យុវជន និងកីឡា និងក្រសួង ស្ថាប័នពាក់ព័ន្ធ សហការគ្នាបង្កើតទារកដ្ឋានសហគមន៍ រោងចក្រ សហគ្រាស សម្រាប់កូនកម្មករ កម្មការិនី អាយុពី ៣ខែដល់ក្រោម ៣ឆ្នាំ ទទួលបានសេវាថែទាំ គាំពារ និងអភិវឌ្ឍប្រកបដោយជំនាញវិជ្ជាជីវៈ។ ជាក់ស្តែងក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការពិភពកុមារ និងអភិវឌ្ឍជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាម បានរួមគ្នារៀបចំបង្កើតទារកដ្ឋានផ្តល់សេវាថែទាំ គាំពារ និងអភិវឌ្ឍប្រកបដោយវិជ្ជាជីវៈ ចាប់តាំងពីឆ្នាំ២០១៨ បានចំនួន ១៣ កន្លែង។
ការគាំពារ និងអភិវឌ្ឍកុមារតូច បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំ និងមិនអាចខ្វះបានក្នុងការអភិវឌ្ឍធនធានមនុស្ស ដោយផ្តើមចេញពីការគាំទ្រការអនុវត្តតាមបែបពហុវិស័យបញ្ចូលគ្នា ដើម្បីឱ្យកុមារទទួលបាននូវសេវាថែទាំ និងអប់រំប្រកបដោយសន្តិសុខ សុវត្ថិភាព មានអាហារូបត្ថម្ភគ្រប់គ្រាន់ និងឱកាសរៀនសូត្រពីដំបូង ដើម្បីឱ្យកុមារអាចអភិវឌ្ឍសុខភាព រាងកាយ ផ្លូវចិត្ត បញ្ញាញាណ ពោរពេញដោយសក្តានុពលរបស់ពួកគេម្នាក់ៗ។
សូមបញ្ជាក់ផងដែរថា ខេត្តកំពង់ស្ពឺ បានទទួលនូវទារកដ្ឋានសហគមន៍ចំនួន ២ខ្នង ស្ថិតនៅភូមិវាល ឃុំស្រង់ ស្រុកគងពិសី ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិអភិវឌ្ឍសង្គមប្រទេសជប៉ុន និងធនាគារពិភពលោក៕








ប្រភព៖ ក្រសួងព័ត៌មាន
រូបភាព៖ ក្រសួងអប់រំ យុវជន និងកីឡា


