អបអរសាទរ! កសិផលស្វាយចន្ទីរបស់កម្ពុជាទទួលបានចំណាត់ថ្នាក់លំដាប់ទី៣ ក្នុងពិភពលោក ពីអង្គការស្បៀង និង កសិកម្ម របស់អង្គការសហប្រជាជាតិ (FAO)
សេដ្ឋកិច្ច February 2, 2024 Khmernote

យោងតាមការចុះផ្សាយនៅលើ ផេកផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ បានឱ្យដឹងថា កសិផលស្វាយចន្ទីរបស់កម្ពុជា ទទួលបានចំណាត់ថ្នាក់លំដាប់ទី៣ ក្នុងពិភពលោក ពីអង្គការស្បៀង និង កសិកម្ម របស់អង្គការសហប្រជាជាតិ (FAO) ក្នុងសន្និសីទស្វាយចន្ទីពិភពលោក លើកទី ១០ ឆ្នាំ២០២៤។

ជាមួយនឹងចំណាត់ថ្នាក់ដ៏ល្អនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្តី បានសម្ដែងការអបអរសាទរផងដែរ។ សូមជម្រាបថា ស្វាយចន្ទី គឺជាដំណាំយុទ្ធសាស្រ្ត ដែលរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ និងជំរុញការនាំចេញឱ្យបានច្រើនជាងគេនៅលើពិភពលោក ឬអាចនិយាយបានថា «ជាអធិរាជ» នាំចេញគ្រប់ស្វាយចន្ទីនាពេលខាងមុខ ស្របពេលដែលរាជរដ្ឋាភិបាលទើបតែបានដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ​ដែលជាផែនទីចង្អុលផ្លូវ ផ្តោតទៅលើគោលដៅយុទ្ធសាស្ត្រធំៗ ដូចជា​បង្កើនការដាំដុះ ផលិត កែច្នៃ និងនាំចេញគ្រាប់ស្វាយចន្ទី ​ទៅទីផ្សារអន្តរជាតិឱ្យបានកាន់តែច្រើន។

ជាមួយគ្នានេះដែរ បើយោងតាមទិន្នន័យពីសមាគមស្វាយចន្ទីកម្ពុជាបានបង្ហាញថា កម្ពុជាគឺជាប្រទេសដែលដាំដុះ និងផលិតស្វាយចន្ទីច្រើនជាងគេ នៅក្នុងតំបន់អាស៊ាន និងនៅលើពិភពលោក។ ប៉ុន្តែបញ្ហាប្រឈម គឺកម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅច្រើនជាងគ្រាប់កែច្នៃ ដែលក្នុងមួយឆ្នាំៗ នាំចេញគ្រាប់ឆៅក្នុងរង្វង់ពី ៦០ម៉ឺន ទៅ១លានតោន។ ហេតុដូច្នេះហើយកម្ពុជា ត្រូវការការវិនិយោគលើការកែច្នៃបន្ថែម ដើម្បីនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃបានច្រើន និងកាត់បន្ថយការនាំចេញគ្រាប់ឆៅ ដើម្បីទទួលបានតម្លៃបន្ថែម៕

ប្រភព៖ ផេកផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត