សម្តេចតេជា ហ៊ុន សែន ស្នើឱ្យក្រុមហ៊ុនធំជាងគេទីប្រាំនៅសាធារណរដ្ឋកូរ៉េ បង្កើនការវិនិយោគមកកម្ពុជា ជាពិសេសការជួយដល់ផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនចំនួន ១.៥ លាននាក់
សេដ្ឋកិច្ច January 29, 2024 Khmernote

យោងតាមការចុះផ្សាយ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឲ្យក្រុមហ៊ុនសាជីវកម្ម Lotte ដែលជាក្រុមហ៊ុនចម្រុះជាតិសាសន៍របស់កូរ៉េខាងត្បូង និងជាក្រុមហ៊ុនធំជាងគេទីប្រាំ នៅសាធារណរដ្ឋកូរ៉េ បង្កើនការវិនិយោមកកាន់ប្រទេសកម្ពុជា និងជាពិសេសការជួយដល់ផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនចំនួន១.៥ លាននាក់ រួមទាំងការគាំពារដល់ស្រ្តី ដែលជាតំរូវការចាំបាច់បំផុតមួយរបស់កម្ពុជា ក្នុងដំណាក់កាលថ្មី។

ការស្នើនេះ បានធ្វើឡើងក្នុងឱកាសដែល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តមបណ្ឌិត ឆាល អេស យ៉ាង(Charles S.Yang) ប្រធានសហព័ន្ធសន្តិភាពសកល(UPF) និងថ្នាក់ដឹកនាំ UPF ដែលបានចូលរួមសង្កេតការណ៍បោះឆ្នោតសកលឆ្នាំ២០២៣កន្លងទៅ ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃចន្ទ ៤រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ។

ឆ្លៀតនាឱកាសនោះ សម្តេចតេជា ហ៊ុន សែន បានថ្លែងអំណរគុណដល់ លោកបណ្ឌិត Charles Yang នាយកអន្តរជាតិនៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) និងថ្នាក់ដឹកនាំ UPF ដែលបានចូលរួមសង្កេតការណ៍បោះឆ្នោតសកលឆ្នាំ២០២៣ និងបានចូលរួមចំណែកដល់ការកសាងធនធានមនុស្ស តាមរយៈកម្មវិធីអាហារូបករណ៍ និងបណ្តុះបណ្តាលផ្សេងៗ។

លោកបណ្ឌិត Charles Yang វាយតម្លៃខ្ពស់នូវគំរូវីរភាពក្នុងការដឹកនាំរដ្ឋ និងការកសាងប្រទេសរបស់សម្តេចតេជា ហ៊ុន សែន និងមានជំនឿមុតមាំថា នយោបាយឈ្នះ-ឈ្នះ ដ៏ល្បីល្បាញរបស់សម្តេចតេជា ហ៊ុន សែន អាចនឹងរួមចំណែដល់ការកសាងសន្តិភាព និងការបង្រួបបង្រួមជាតិនៅក្នុងតំបន់និងពិភពលោក ជាពិសេសផ្តល់ជាធាតុចូលដ៏សំខាន់មួយក្នុងការស្វះស្វែងសន្តិភាពនិងការបង្រួបបង្រួមឧបទ្វីបកូរ៉េ។

សូមបញ្ជាក់ជូនថា កិច្ចសន្ទនារវាងថ្នាក់ដឹកនាំ និងអង្គការសង្គមស៊ីវិល គឺបានផ្តល់នូវតម្លៃនៃការយោគយល់ និងការចែករំលែកបទពិសោធន៍ល្អៗ ដែលមានផលប្រយោជន៍ផ្ទាល់ដល់សង្គម និងប្រជាជនដែលស្រឡាញ់សន្តិភាព៕

ប្រភព៖ ក្រសួងព័ត៌មាន