ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះទស្សនកិច្ច និងគោះទ្វារទាក់ទាញអ្នកវិនិយោគនៅក្រុមហ៊ុនធំលំដាប់ទី៣ លើពិភពលោកផ្នែកផលិតកញ្ចក់សូឡា
សេដ្ឋកិច្ច January 24, 2024 Khmernote

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានចុះទស្សនកិច្ចក្រុមហ៊ុនធំមួយនៅម៉ាឡេស៊ី និងជាក្រុមហ៊ុនជាប់ចំណាត់ថ្នាក់លេខ៣ ទូទាំងពិភពលោក សម្រាប់ការផលិតកញ្ចក់សូឡា ក្នុងដំណើរបំពេញទស្សនកិច្ចរបស់ឯកឧត្តមដើម្បីទាក់ទាញអ្នកវិនិយោគនៅក្នុងប្រទេសម៉ាឡេស៊ី។

យោងតាមការបង្ហោះនៅលើផេកផ្លូវការផ្ទាល់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា កាលពីព្រឹកថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ដែលរួមមានតំណាងក្រសួងរ៉ែ និងថាមពល និងគណៈកម្មាធិការវិនិយោគកម្ពុជា ចុះទស្សនកិច្ចរោងចក្រផលិតកញ្ចក់ នៃក្រុមហ៊ុន Kibing Group និងបានទទួលជួបពិភាក្សាការងារជាមួយលោក Guan Ming នាយកប្រតិបត្តិ ក្រុមហ៊ុន Kibing Group (M) Sdn.Bhd. ក្នុងដំណើរបំពេញទស្សនកិច្ចទាក់ទាញវិនិយោគិន ក្នុងទីក្រុង Seremban ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២១-២៣ ខែមករា ឆ្នាំ២០២៤។

សូមជម្រាបថា ក្រុមហ៊ុន Kibing បង្កើតឡើងក្នុងឆ្នាំ១៩៨៨ ដែលប្រតិបត្តិការលើការផលិត និងផ្តល់ដំណោះស្រាយលើវិស័យកញ្ចក់គ្រប់ប្រភេទធំមួយនៅក្នុងប្រទេសចិន មានបុគ្គលិកប្រមាណ ១៥០០០នាក់ នៅទូទាំងពិភពលោក។ ក្រុមហ៊ុននេះជាប់ចំណាត់ថ្នាក់លេខ៣ ទូទាំងពិភពលោក សម្រាប់ការផលិតកញ្ចក់សូឡា៕

អត្ថបទ៖ លីនី