ឯកឧត្តមរដ្ឋមន្ត្រី ណែនាំអោយភាគីជប៉ុន ពិនិត្យលទ្ធភាពក្នុងការគ្រប់គ្រងទឹកសម្រាប់កសិកម្ម នារដូវវស្សា និងអាចប្រើប្រាស់បាននៅខែប្រាំងរហូតពេញមួយឆ្នាំ
សេដ្ឋកិច្ច January 20, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបភ្ញៀវគណៈប្រតិភូ ទីភ្នាក់ងារធនធានទឹករបស់ប្រទេសជប៉ុន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ឆ្លៀតនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំអោយភាគីជប៉ុន ពិនិត្យលទ្ធភាពក្នុងការគ្រប់គ្រងទឹកសម្រាប់កសិកម្ម នារដូវវស្សា និងអាចប្រើប្រាស់បាននៅខែប្រាំងរហូតពេញមួយឆ្នាំ និងគិតគូរប្រើប្រាស់ប្រព័ន្ធសូឡា ច្រើនជាងថាមពលអគ្គីសនី ដែលអាចជួយឱ្យកសិករចំណាយតិច ចំនេញច្រើន ព្រមទាំងជួយដល់ប្រសិទ្ធិភាពសេដ្ឋកិច្ច និងបរិស្ថាន។

សម្រាប់វិស័យកសិកម្ម ឯកឧត្តមរដ្ឋមន្ដ្រីគូសបញ្ជាក់ថា កម្ពុជាត្រូវការការសិក្សាលក្ខណៈវិទ្យាសាស្ត្រ និងប្រាកដនិយម អំពីវិធីសាស្ត្រដែលអាចជួយកាត់បន្ថយថ្លៃដើមផលិតរបស់កសិករ និងអាចជួួយអោយកសិករចំនេញខ្ពស់ ហើយមានប្រសិទ្ធិភាពសេដ្ឋកិច្ច។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបប្រាប់ភាគីជប៉ុនអំពីគោលនយោបាយអាទិភាពទី៥ និងទី៦ ដែលពិតជាមានសារៈសំខាន់ ក្នុងការលើកកម្ពស់វិស័យកសិកម្ម និងស្ថិរភាពតម្លៃ តាមរយៈការបង្កើតសហគមន៍កសិកម្មទំនើប ដើម្បីដឹងពីតម្រូវការ និងបញ្ហាប្រឈមរបស់កសិករ ហើយធ្វើការឆ្លើយតបឱ្យមានប្រសិទ្ធភាព ហើយឯកឧត្តមរដ្ឋមន្ត្រី ចង់ឃើញគម្រោង MIDORI ខាងលើក្លាយជាគម្រោងជោគជ័យគំរូនៅប្រទេសកម្ពុជាផងដែរ។

សូមបញ្ជាក់ជូនថា ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងរីករាយចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន នូវគម្រោងអភិវឌ្ឍន៍នានា ដែលជប៉ុនជួយដល់ប្រទេសកម្ពុជា ជាពិសេសនៅក្នុងវិស័យកសិកម្ម ឱ្យកាន់តែមានភាពរីកចំរើនបន្ថែមទៀតទៅថ្ងៃអនាគត៕

ប្រភព៖ ក្រសួងព័ត៌មាន