យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រធានាធិបតីបារាំង ប្រកាសផ្ដល់ជំនួយ២០០លានអឺរ៉ូ សម្រាប់វិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ថាមពល និងប្រព្រឹត្តកម្មទឹកស្អាត។
«យើងនឹងជជែកគ្នាអំពីអាទិភាពរបស់សម្តេច ដើម្បីផ្តល់ជូនសម្តេចនូវមធ្យោបាយ និងជំនាញចាំបាច់នានា ដោយមានការជួយជ្រោមជ្រែងពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ដែលសប្តាហ៍នេះ សន្យាចាយកញ្ចប់ថវិកា២០០លានអឺរ៉ូ ក្នុងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ថាមពល និងប្រព្រឹត្តកម្មទឹកស្អាត»។ នេះការថ្លែងរបស់ ឯកឧត្តម Emmanuel Macron ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ក្នុងឱកាសអញ្ជើញស្វាគមន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងធ្វើសេចក្តីប្រកាសព័ត៌មានរួមគ្នា Press Statemant នៅវិមានប្រធានាធិបតីអេលីហ្សេ (Palais de L’ ‘Elys’ee) ទីក្រុងប៉ារីស សាធារណរដ្ឋបារាំង នៅថ្ងៃព្រហស្បតិ៍ ៨កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។
ឯកឧត្តម ប្រធានាធិបតីបារាំង បានថ្លែងអំណរគុណកម្ពុជាចំពោះកិច្ចសហប្រតិបត្តិការល្អកន្លងមក ជាពិសេសជំហរគាំទ្រការថ្កោលទោសជាអន្តរជាតិ។ ឯកឧត្តម Emmanuel Macron ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង បានថ្លែងថា «ការប្ដេជ្ញារបស់ប្រទេសរបស់សម្ដេច នៅចំពោះមុខតុលាការអន្តរជាតិ យើងខ្ញុំសង្ឃឹមថា ជំហរប្រកាន់ភ្ជាប់របស់កម្ពុជានៅក្នុងការគោរពច្បាប់សេរីភាពដែលដកបទពិសោធន៍ ចេញពីប្រវត្តិសាស្រ្ត ប្រកបដោយសោកនាដកម្ម នៅតែជារឿងសំខាន់នៅក្នុងសកម្មភាពរបស់សម្ដេច»។
សូមបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែ ត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់ ឯកឧត្តម Emmanuel Macron ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៤៕



ប្រភព៖ ក្រសួងព័ត៌មាន


