យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស នាថ្ងៃទី១៦ និង១៧ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យបណ្តាក្រុមហ៊ុនធំៗដែលកំពុងឈរជើងនៅក្នុងប្រទេសស្វីស បានចូលជួបពិភាក្សាការងារ នៅក្នុងជំនួបជាបន្តបន្ទាប់គ្នានោះ ក្រុមអ្នកវិនិយោគទាំងនោះ សុទ្ធតែអះអាងពីបំណងចង់មករកស៊ីនៅក្នុងប្រទេសកម្ពុជា លើវិស័យកសិកម្ម បច្ចេកវិទ្យា និងសេវាកម្ម។
ជាការឆ្លើយ តបសម្ដេចនាយករដ្ឋមន្រ្តីក៏បានលើកទឹកចិត្តនិងជំរុញឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនទាំងនោះស្វែងរកដៃគូសហការនៅកម្ពុជាខណៈរាជរដ្ឋាភិបាលក៏មានគោលនយោបាយលើកទឹកចិត្តនិងអនុគ្រោះដល់អ្នកវិនិយោគទៀតផង ដែលក្នុងនោះរួមមាន៖
-ក្រុមហ៊ុនHawkEye 360 កំពុងស្វែងយល់ពីកម្ពុជា ដើម្បីវិនិយោគលើបច្ចេកវិទ្យាព័ត៌មានលំហភូមិសាស្ត្រ
លោក John Serafini នាយកប្រតិបត្តិក្រុមហ៊ុន HawkEye 360 Inc ក៏បានបង្ហើបពីបំណងចង់វិនិយោគនៅកម្ពុជាលើបច្ចេកវិទ្យាព័ត៌មានលំហភូមិសាស្រ្ត (geospatial information solution) ផងដែរ។ នាយកប្រតិបត្តិរូបនេះកំពុងសិក្សានិងស្វែងយល់បន្ថែមដើម្បីវិនិយោគលើបច្ចេកវិទ្យាព័ត៌មាននៅកម្ពុជា។
នៅក្នុងជំនួបជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក John Serafini បានរៀបរាប់ពីសកម្មភាពអាជីវកមុ្មរបស់ក្រុមហ៊ុនដែលបានបង្កើត ឡើងជិត១០ឆ្នាំនេះទទួលបានជោគជ័យគួរឱ្យកត់សម្គាល់។
ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ឱ្យក្រុមហ៊ុន HawkEye 360 Inc សហការវិនិយោគជាមួយក្រុមហ៊ុនដៃគូក្នុងស្រុក។ សម្ដេចក៏ជំរុញឱ្យក្រុមហ៊ុនសិក្សា លទ្ធភាពវិនិយោគលើបច្ចេកវិទ្យាព័ត៌មានលំហភូមិសាស្រ្តនេះ។
គួរបញ្ជាក់ជូនថា HawkEye 360 គឺជាក្រុមហ៊ុនវិភាគទិន្នន័យប្រេកង់វិទ្យុដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥។ ក្រុមហ៊ុននេះ បានអភិវឌ្ឍបណ្តាញលើលំហអាកាស និងដំណោះស្រាយប្រេកង់វិទ្យុ ដើម្បីតាមដានការដឹកជញ្ជូនតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។ ក្រុមហ៊ុននេះបានបម្រើដល់ឧស្សាហកម្ម ពាណិជ្ជកម្មតាមលំហសមុទ្រ ការពារជាតិ និងទូរគមនាគមន៍ ដោយដំណើរតាមរយៈក្រុមផ្កាយរណបដើម្បីស្វែងរក កំណត់លក្ខណៈនិងកំណត់ទីតាំងភូមិសាស្ត្រយ៉ាងទូលំទូលាយនៃរលកសញ្ញាប្រេកង់ វិទ្យុដើម្បីជួយដល់អ្នកប្រើប្រាស់ទូទាំងពិភពលោក។
-ក្រុមហ៊ុន Wilmar សម្លឹងមើលឱកាសវិនិយោគលើដំណាំស្រូវនិងអំពៅនៅកម្ពុជា
ក្រុមហ៊ុន Wilmar International Groupមានបំណងចង់វិនិយោគលើដំណាំស្រូវនិងអំពៅនៅកម្ពុជា។លោក Kuok Khoon Hong ប្រធានអគ្គនាយកក្រុមហ៊ុន Wilmar បានប្រាប់ពីបំណងនេះទៅកាន់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្នុងជំនួបពិភាក្សាការងារនៅក្នុងទីក្រុងដាវ៉ូស ប្រទេសស្វីស។
លោក Kuok Khoon Hong បាននិយាយថាក្រុមហ៊ុនកំពុងស្វែងរកឱកាសវិនិយោគលើវិស័យកសិកម្មនៅកម្ពុជាដោយផ្តោតលើដំណាំស្រូវនិងអំពៅជាពិសេសខ្សែច្រវាក់ ផលិតកម្មទាំងមូលរាប់ទាំងការដាំដុះ,ការប្រមូលផល, ការកែច្នៃ, ការវេចខ្ចប់និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
បំណងរបស់លោក Kuok Khoon Hong ស្របតាមគោលគំនិតរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលកំពុងជំរុញនិងលើកកម្ពស់ផលិតកសិកម្មនៅកម្ពុជា។ សម្ដេចធិបតី ក៏បានឆ្លើយតបទៅវិញដោយលើកទឹកចិត្តឱ្យក្រុមហ៊ុនបណ្តាក់ទុនវិនិយោគលើវិស័យកសិកម្មនៅកម្ពុជាដែលជាវិស័យមួយប្រកបដោយសក្តានុពលនិងជាអាទិភាពស្របតាមគោលនយោបាយរាជរដ្ឋាភិបាលអាណត្តិទី៧ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើង។
គួរបញ្ជាក់ជូនថាក្រុមហ៊ុន Wilmar International Group គឺជាក្រុមហ៊ុនដែលមានធុរកិច្ចចម្បងក្នុងវិស័យកសិកម្មដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩១នៅប្រទេស សិង្ហបុរី។ សព្វថ្ងៃក្រុមហ៊ុន Wilmar International Group គឺជាក្រុមហ៊ុនឈានមុខគេមួយនៅអាស៊ី។ ក្រុមហ៊ុនមានបច្ចេកទេសខ្ពស់ក្នុងវិស័យកសិកម្មរាប់ចាប់ពីការ ដាំដុះ, ការកែច្នៃ, ការវេចខ្ចប់, ការផ្គត់ផ្គង់និងការចែកចាយយ៉ាងទូលំទូលាយហើយផលិតផលចម្បងរបស់ក្រុមហ៊ុនមានដូចជា៖ ប្រេងដូង ប្រេងធញ្ញជាតិ ម្សៅ និងស្ករ ជាដើម។
-ក្រុមហ៊ុន Shenzhen Power Solution កំពុងសិក្សាពីលទ្ធភាពបោះទុនមកកម្ពុជាផលិតផលបន្ទះសូឡា និងឧបករណ៍ដើរដោយពន្លឺព្រះអាទិត្យ
លោកស្រី Xia Li ស្ថាបនិក និងជាអគ្គនាយិកាក្រុមហ៊ុន Shenzhen Power Solution បានមានប្រសាសន៍ថា ផលិតផលបន្ទះសូឡា និងឧបករណ៍ដើរដោយពន្លឺព្រះអាទិត្យ គឺជាផលិតផលរបស់ក្រុមហ៊ុន Shenzhen Power Solution ។ លោកស្រី Xia Li បានរៀបរាប់ថាក្រុមហ៊ុនបានជួយកាត់បន្ថយការចំណាយនិងលើកកម្ពស់ជីវភាពរបស់ប្រជាជននៅតាមតំបន់ជនបទ តាមរយៈការផលិតឧបករណ៍អគ្គិសនីច្រើនប្រភេទដែលដើរដោយថាមពលព្រះអាទិត្យ។ លោកស្រី បន្ថែមថា ផលិតផលទាំងនោះមានតម្លៃសមរម្យ និងមានផលប្រយោជន៍ច្រើនសម្រាប់ផាសុខភាព និងតម្រូវការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។ លោកស្រី ថ្លែងក្នុងជំនួបជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ នៅក្នុងទីក្រុងដាវ៉ូស ប្រទេសស្វីស។
ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះផលិតឧបករណ៍អគ្គិសនីដើរដោយថាមពលព្រះអាទិត្យរបស់ក្រុមហ៊ុន Shenzhen Power Solution។
សម្ដេចនាយករដ្ឋមន្រ្តីបានលើកទឹកចិត្តក្រុមហ៊ុនឱ្យចាប់ដៃគូសហការជាមួយក្រុមហ៊ុននៅកម្ពុជាដែលចាប់អារម្មណ៍លើគម្រូអាជីវកម្មប្រភេទថ្មីនេះ។
គួរបញ្ជាក់ថាក្រុមហ៊ុន Shenzhen Power Solution គឺជាក្រុមហ៊ុនអភិវឌ្ឍន៍និងផលិតឧបករណ៍អគ្គិសនីដើរដោយថាមពលព្រះអាទិត្យដែលមានតម្លៃសមរម្យលំដាប់ ពិភពលោកនិងមានមូលដ្ឋាននៅទីក្រុងស៊ិនជិន ប្រទេសចិន។
-ក្រុមហ៊ុនទេសចរណ៍លំដាប់ពិភពលោក Trip.com ប្តេជ្ញានាំអ្នកទេសចរនៅជុំវិញពិភពលោកមកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើន
ក្រុមហ៊ុនទេសចរណ៍លំដាប់ពិភពលោក Trip.com ប្តេជ្ញាបន្តកិច្ចសហការជាមួយក្រុមហ៊ុនដៃគូដើម្បីនាំអ្នកទេសចរឱ្យបានកាន់តែច្រើនមកទស្សនាប្រទេសកម្ពុជា ។ នោះបើតាម លោកស្រី Jane Sun អគ្គនាយិកាក្រុមហ៊ុន Trip.com បានថ្លែងបញ្ជាក់នៅចំពោះមុខ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជានៅក្នុងជំនួបពិភាក្សាការងារមួយនៅទៅក្រុងដាវ៉ូស ប្រទេសស្វីស។
លោកស្រី Jane Sun បានលើកសរសើរពីកម្ពុជាថាជាប្រទេសដ៏ស្រស់ស្អាតនិងមានគោលដៅទេសចរណ៍ដែលមានភាពទាក់ទាញខ្លាំង។ ជាពិសេសភាពល្អឯករបស់ប្រា សាទអង្គរវត្តនិងប្រាង្គប្រាសាទនានានៅរមណីយដ្ឋានអង្គរ រួមទាំងតំបន់ទេសចរណ៍វប្បធម៌និងធម្មជាតិជាច្រើនទៀតបានធ្វើឱ្យអ្នកស្រីប្តេជ្ញាចិត្តនាំអ្នកទេសចរមកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើន។
ឆ្លើយតបទៅការតាំងចិត្តរបស់អគ្គនាយិកាក្រុមហ៊ុន Trip.com ក្នុងការជំរុញវិស័យទេសចរណ៍កម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញនូវការស្វាគមន៍ចំពោះ ក្រុមហ៊ុនក្នុងការពង្រីកសកម្មភាពវិនិយោគនៅកម្ពុជា។ សម្តេចលើកទឹកចិត្តឱ្យក្រុមហ៊ុនទេសចរណ៍លំដាប់ពិភពលោកមួយនេះបង្កើនកិច្ចសហការជាមួយនឹងបណ្តាក្រុមហ៊ុនដៃគូក្នុងស្រុកស្របពេលដែលរាជរដ្ឋាភិបាលកំពុងដាក់ចេញនូវគោលនយោបាយនិងយន្តការចាំបាច់សំដៅជំរុញកំណើននៃវិស័យទេសចរណ៍ក្រោយវិបត្តិនៃជំងឺ កូវីដ-១៩ ។
ជម្រាបជូនដែរថាក្រុមហ៊ុន Trip.com គឺជាវេបសាយធ្វើដំណើរមួយឈានមុខគេលើពិភពលោកដោយរួមបញ្ចូលនូវកញ្ចប់ផលិតផលនិងសេវាកម្មទេសចរណ៍ដ៏ទូលំទូ លាយសម្រាប់ការធ្វើដំណើរជុំវិញពិភពលោក ។
អ្នកទេសចរទូទាំងពិភពលោកក៏អាចកក់សេវាកម្មទេសចរណ៍ដូចជា៖ សំបុត្រយន្តហោះកន្លែងស្នាក់នៅ និងសំបុត្ររថយន្តជាដើមនៅកម្ពុជាបានតាមរយៈវេបសាយ Trip.com ។ ដោយឡែកកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ក្រុមហ៊ុន Cambodia Angkor Air របស់កម្ពុជាក៏បានចុះអនុស្សរណៈយោគយល់គ្នាក្នុងភាពជាដៃគូជាមួយនឹង Trip.com ក្នុងការបង្កើតអាកាសយានដ្ឋានឆ្លាតវៃ (smart airport) នៅក្នុងខេត្តសៀមរាបផងដែរ ។
– ក្រុមហ៊ុន Grab ប្តេជ្ញាជំរុញអ្នកប្រកបអាជីវកម្មធ្វើជាគម្រូក្នុងការគោរពច្បាប់ចរាចរណ៍ ផ្តល់សុវត្ថិភាព និងផាសុកភាពដល់អតិថិជននៅកម្ពុជា
លោក Anthony Tan នាយកប្រតិបត្តិនិងជាសហស្ថាបនិកក្រុមហ៊ុន Grab ប្តេជ្ញាជំរុញអ្នកប្រកបអាជីវកម្មដោយប្រើថ្នាលឌីជីថល Grab ធ្វើជាគម្រូក្នុងការគោរពច្បាប់ ចរាចរណ៍ការ ផ្តល់សុវត្ថិភាពនិង ផាសុកភាពដល់អតិថិជននៅកម្ពុជា។ លោក Anthony Tan ថ្លែងប្តេជ្ញាបែបនេះនៅក្នុងជំនួបពិភាក្សាជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។
ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានអរគុណក្រុមហ៊ុន Grabដែលបានបណ្តាក់ទុនវិនិយោគនៅកម្ពុជាក្នុងវិស័យដឹកជញ្ជូន។សម្ដេចបន្ថែមថាគម្រូអាជីវកម្មរបស់ Grab បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងទាក់ទាញនិងប្រមូលផ្តុំប្រតិបត្តិករក្រៅប្រព័ន្ធជាពិសេសផ្នែកដឹកជញ្ជូនឱ្យចូលមកក្នុងថ្នាលឌីជីថលរបស់ Grab ដែលកំពុង តែអភិវឌ្ឍន៍និងទំនើបកម្មជាលំដាប់ ។
សម្តេចនាយករដ្ឋមន្រ្តីបានគាំទ្រចំពោះការប្តេជ្ញារបស់ក្រុមហ៊ុន Grab ក្នុងការជំរុញអ្នកប្រកបអាជីវកម្មដោយប្រើថ្នាលឌីជីថល Grab ធ្វើជាគម្រូក្នុងការគោរពច្បាប់ចរាចរណ៍ ការផ្តល់សុវត្ថិភាព និងផាសុកភាពដល់អតិថិជនរបស់ខ្លួនជាប់ជាប្រចាំ ។
ជម្រាបជូនថាក្រុមហ៊ុន Grab ដែលបានបង្កើតឡើងក្នុងឆ្នាំ២០១២ ជាក្រុមហ៊ុនបច្ចេកវិទ្យាតាមប្រព័ន្ធទូរស័ព្ទឆ្លាត (Smart phone) ដែលផ្តល់សេវាកម្មដឹកជញ្ជូន និងការទូទាត់តាមប្រព័ន្ធឌីជីថលសម្រាប់អ្នកបើកបរ ដៃគូពាណិជ្ជករនិងអ្នកប្រើប្រាស់។សព្វថ្ងៃ ក្រុមហ៊ុន Grab មានវត្តមានអាជីវកម្មនៅក្នុងប្រទេសកម្ពុជា សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន ថៃ វៀតណាម និងតំបន់អាស៊ីអាគ្នេយ៍។
-ក្រុមហ៊ុន Goldman Sachs ចង់បោះទុននៅកម្ពុជាក្នុងការវិនិយោគលើវិស័យធនាគារ មូលបត្រ និងគ្រប់គ្រងការវិនិយោគ
ប្រធានផ្នែកកិច្ចការសកលនៃក្រុមហ៊ុន លោក Jared Cohenបានបង្ហាញការជឿជាក់ថាសម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងបន្តការអភិវឌ្ឍស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និង សុខសន្តិភាពពេញលេញនៅកម្ពុជា។ លោកបញ្ជាក់ថាក្រុមហ៊ុនក៏មានបំណងចង់បោះទុនមកកម្ពុជាដែរ។
ចំពោះគម្រោងវិនិយោគនេះសម្ដេច ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យក្រុមហ៊ុនសហការជាមួយភាគីពាក់ព័ន្ធនៅកម្ពុជា ក្នុងការសិក្សានិងស្វែងយល់អំពីសក្តានុពល និងលទ្ធភាពក្នុងការវិនិយោគជាក់ស្តែង។
ក្រុមហ៊ុន Goldman Sachs Group, Inc.ដែលជាក្រុមហ៊ុនឈានមុខគេមួយ ក្នុងការវិនិយោគលើវិស័យធនាគារ មូលបត្រនិងគ្រប់គ្រងការវិនិយោគ ។ ក្រុមហ៊ុនបាន បង្កើតឡើងក្នុងឆ្នាំ១៨៦៩ ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុដល់អតិថិជនគ្រប់មជ្ឈដ្ឋានជាអាទិ៍ សាជីវកម្ម ស្ថាប័នហិរញ្ញវត្ថុ រដ្ឋាភិបាលនិងបុគ្គលជាដើម។
-ក្រុមហ៊ុន Lippo Group ស្វែងរកឱកាសវិនិយោគលើវិស័យសុខាភិបាលនិងអចលនទ្រព្យនៅកម្ពុជា
ក្រុមហ៊ុន Lippo Group បានបង្ហាញពីបំណងចង់វិនិយោគលើវិស័យសុខាភិបាលនិងវិស័យអចលនទ្រព្យដែលផ្ដោតលើការផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព ជាមួយតម្លៃសមរម្យ និងការអភិវឌ្ឍន៍លំនៅឋានដែលមានតម្លៃទាបនៅកម្ពុជា។
លោក John Riady នាយកប្រតិបត្តិក្រុមហ៊ុន Lippo Groupបានប្រាប់ពីបំណងរបស់ខ្លួនទៅកាន់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជានៅក្នុងជំនួបកាល ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ នៅប្រទេសស្វីស។
សម្តេចធិបតីបានថ្លែងថា៖ ផ្អែកលើបទពិសោធន៍របស់ក្រុមហ៊ុនក៏ដូចជាភាពស្រដៀងគ្នានៃវប្បធម៌ប្រពៃណីនិងបែបផែនទីផ្សាររបស់កម្ពុជានិងឥណ្ឌូណេស៊ីក្រុមហ៊ុន នឹងមានលទ្ធភាពយល់ដឹងច្រើនពីឱកាសនៃការពង្រីកទីផ្សារ វិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជា ។ សម្តេចធិបតីក៏បានប្រាប់លោកនាយកប្រតិបត្តិពីគោលនយោ បាយនិងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលរដ្ឋាភិបាលកម្ពុជា ផ្ដោតអាទិភាពលើការកសាងធនធានមនុស្ស ជាពិសេសលើវិស័យសុខាភិបាល វិស័យអប់រំ បច្ចេកវិទ្យាឌីជីថល និងវិស័យអាទិភាពផ្សេងៗ។ រាជរដ្ឋាភិបាលក៏មានគោលនយោបាយនិងការលើកទឹកចិត្តចំពោះវិនិយោគិនបរទេសទៀតផង។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Lippo Group ពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសនៅក្នុងកិច្ចសហការជាមួយដៃគូនៅកម្ពុជាដើម្បីពង្រីកការ វិនិយោគទៅលើវិស័យសក្ដានុពលផ្សេងៗបន្ថែមទៀត។
គួរបញ្ជាក់ថា៖ក្រុមហ៊ុន Lippo Group កំពុងមានប្រតិបត្តិការនៅតាមបណ្ដាប្រទេសជាច្រើននៅក្នុងតំបន់និងជុំវិញពិភពលោកនិងផ្តោតជាសំខាន់លើវិស័យអចលន ទ្រព្យ ផ្សារលក់រាយ បដិសណ្ឋារកិច្ច សុខាភិបាល អប់រំ សារព័ត៌មាន ទូរគមនាគមន៍ ឌីជីថល និងហិរញ្ញវត្ថុ។
-អង្គការ OECD បន្តគាំទ្រកម្ពុជាលើផ្នែកបចេ្ចកទេសសម្រាប់កសាងគោលនយោបាយនានា
លោក Mathias Cormann អគ្គលេខាធិការអង្គការ អង្គការសម្រាប់កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច ( Organization for Economic Cooperation and Development-OECD) បានបញ្ជាក់ថា អង្គការ OECD នៅតែបន្តគាំទ្រកម្ពុជាលើផ្នែកបចេ្ចកទេសសម្រាប់កសាងគោលនយោបាយនានាដើម្បីសម្រេចបានចក្ខុវិស័យ កម្ពុជាជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០។ អង្គការ OECD គាំទ្ររដ្ឋាភិបាលកម្ពុជាចំពោះគោលនយោបាយនិងការកំណត់ទិសដៅវិស័យសេដ្ឋកិច្ចនិងបរិស្ថាន។
លោក Mathias ក៏បានបង្ហាញការជឿជាក់ថាកម្ពុជានឹងកាន់តែអភិវឌ្ឍរីកចម្រើននិងឈានទៅសម្រេចបាននូវចក្ខុវិស័យខ្លួនជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០២៥ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកជំនួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការ OECD ជាការពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់និងពង្រីកថ្មី បន្ថែមទៀត។ ជាពិសេសការជួយជ្រោមជ្រែងរាជរដ្ឋាភិបាលកម្ពុជានៅក្នុងការពិនិត្យឡើងវិញអំពីគោលនយោបាយនានារួមទាំងគោលនយោបាយពាណិជ្ជកម្ម និងគោលនយោបាយជាតិគាំពារសង្គមជាដើម។
គួរបញ្ជាក់ថាអង្គការ OECD ជាអង្គការអន្តររដ្ឋាភិបាលដែលមានប្រទេសសមាជិកចំនួន៣៨ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦១ ដើម្បីជំរុញវឌ្ឍនភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោក។ អង្គការនេះត្រូវបានទទួលស្គាល់ថាជាអ្នកបោះពុម្ពផ្សាយដែលមានឥទ្ធិពលខ្ពស់នៃទិន្នន័យសេដ្ឋកិច្ចភាគច្រើនតាមរយៈការបោះពុម្ពក៏ ដូចជាការវាយតម្លៃប្រចាំឆ្នាំ និងចំណាត់ថ្នាក់របស់ប្រទេសជាសមាជិក៕








ប្រភព៖ ក្រសួងព័ត៌មាន


