យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ថ្លែងពីប្រទេសបារាំងក្នុងពិធីសំណេះសំណាល ជា មួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុប នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងថា ៤២ខែ ចាប់តាំងពីឆ្នាំ២០២០ ការឧបត្ថម្ភសាច់ប្រាក់ រាជរដ្ឋាភិបាល បានចំណាយអស់ជិត១៣០០លានដុល្លារអាមេរិក ដែលជួយដល់ប្រជាពលរដ្ឋប្រមាណ៧ម៉ឺនគ្រួសារ ខណៈដែលពិភពលោកមានបញ្ហា២ផ្ទួនគ្នា ដោយជួបជាមួយជំងឺរាតត្បាត និងបញ្ហាសេដ្ឋកិច្ច ដោយសារតែសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន ហើយបន្តដល់សង្គ្រាមនៅមជ្ឈឹមបូព៌ា។ ហើយចាប់តាំងពីឆ្នាំ២០២២មក រដ្ឋបានជួយប្រជាពលរដ្ឋប្រមាណ៤០ម៉ឺនគ្រួសារផ្សេងទៀត ដែលប៉ះពាល់ដោយសារអតិផរណា។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា គោលនយោបាយរបស់កម្ពុជា គឺធ្វើយ៉ាងណាឱ្យកម្ពុជាអាចរស់ដោយខ្លួនឯង ពិសេសគោលដៅរបស់រដ្ឋាភិបាលថ្មី គឺធ្វើយ៉ាងណាត្រូវឱ្យអត្រាក្រីក្រ ធ្លាក់ចុះនៅក្រោម១០ភាគរយ តាមរយៈគោលនយោបាយបញ្ចកោណ និងត្រូវធ្វើឱ្យប្រទេសកម្ពុជា មានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងក្លាយជាប្រទេសអ្នកមានឆ្នាំ២០៥០។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា ផលប្រយោជន៍ដែលកើតឡើងដោយការខិតខំរបស់រាជរដ្ឋាភិបាល នឹងបែងចែកស្មើគ្នាទៅដល់ប្រជាពលរដ្ឋ មិនមែនមនុស្សមួយក្រុមដូចការចោទប្រកាន់នោះទេ ហើយប្រជាពលរដ្ឋជាច្រើននាពេលបច្ចុប្បន្ន មានលទ្ធភាព ទិញរថយន្ត និងទិញផ្ទះប្រើប្រាស់។ រាជរដ្ឋាភិបាល មិនច្របាច់កប្រជាពលរដ្ឋនោះទេ ខណៈដែលកន្លងទៅមានការវាយប្រហារថា រាជរដ្ឋាភិបាលបន្ថែមពន្ធថ្មី។
សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានបន្ថែមថា កន្លងទៅរាជរដ្ឋាភិបាល បានរក្សាលំនឹងតម្លៃអគ្គិសនី សុខចិត្តខាត ដោយមិនបានដំឡើង ដូចប្រទេសដទៃនោះទេ៕



ប្រភព៖ ក្រសួងព័ត៌មាន


