យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កម្ពុជា បាននាំចេញទំនិញទៅកាន់ទីផ្សារចិន ទទួលបានទឹកប្រាក់សរុបជាង ១៤០០លានដុល្លារ ក្នុងឆ្នាំ២០២៣ កើនឡើង ១៩.២ភាគរយ បើធៀបនឹងរយៈពេល ដូចគ្នាកាលពីឆ្នាំមុន។
យោងតាមទិន្នន័យរបស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៣ កម្ពុជានាំចេញទំនិញទៅ កាន់ទីផ្សារចិន សម្រេចបានទឹកប្រាក់ ១៤៧៨ លានដុល្លារ កើនឡើង ១៩.២ ភាគរយ ខណៈការនាំចូលមានទឹកប្រាក់ប្រមាណជា ១០ ប៊ីលានដុល្លារ កើនឡើង ៣.៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ប្រភពដដែលបានបញ្ជាក់ថា សម្រាប់ទំនិញដែលកម្ពុជានាំចេញរួមមាន សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើឡើងពីក្រណាត់, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី, សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំនៃសម្លៀកបំពាក់មិនធ្វើឡើងពីការចាក់ដោយម្ជុលពីរ, កៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូ និងកសិផលមួយចំនួនទៀត។
ជាមួយគ្នានេះដែរ សម្រាប់ទំនិញនាំចូលរួមមាន រ៉ែប្រើជាគ្រឿងចំហេះ ប្រេងខនិជ និងផលិតផលពីការចម្រាញ់, ផលិតផលបានពីការចាក់ដោយម្ជុល, ម៉ាស៊ីន និងឧបករណ៍ អគ្គិសនី និងបំណែកភាគរបស់វា, សម្ភារអគ្គិសនី, សរសៃអំបោះសិប្បនិម្មិតខ្លីៗ, យានក្រៅពី អយស្ម័យយាន ឬអយរថអគ្គិសនី និងសម្ភារមួយចំនួនទៀត។
គួរបញ្ជាក់ដែរថា ក្នុងឆ្នាំ២០២៣ សម្រាប់ការនាំចេញសរុបទៅកាន់ទីផ្សារអន្តរជាតិ មានប្រមាណជា ២២.៦ ប៊ីលានដុល្លារកើនឡើង ១.៨ភាគរយ ដោយក្នុងនោះ សហរដ្ឋអាមេរិក មានតម្លៃជាង ៨.៨ប៊ីលានដុល្លារ ថយចុះ ០.៨ភាគរយ, វៀតណាម មានតម្លៃជាជិត ៣ប៊ីលានដុល្លារ កើនឡើង ៣៧.១ភាគរយ, ជប៉ុនមានតម្លៃជាង ១ប៊ីលានដុល្លារ ថយចុះ ០.២ភាគរយ, ថៃមានតម្លៃជាង ៨១៧លានដុល្លារ ថយចុះ ១.៧ភាគរយ រួមនឹងទីផ្សារ ផ្សេងទៀត៕
ប្រភព៖ ក្រសួងព័ត៌មាន


