ឆ្នាំ២០២៣ ថៃទាញចំណូលបាន ១៨៨លានដុល្លារ ពីផលិតកម្មភាពយន្តបរទេសដែលមកថតនៅក្នុងប្រទេស កត់ត្រាជាចំណូលខ្ពស់បំផុតប្រចាំប្រវត្តិសាស្រ្ត
សេដ្ឋកិច្ច January 10, 2024 Khmernote

តាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod English បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣ ប្រទេសថៃ រកចំណូលបាន ៦.៦ ពាន់លានបាត (ប្រមាណ ១៨៨លានដុល្លារ) ពីផលិតកម្មភាពយន្តបរទេស ដែលមកថតនៅក្នុងប្រទេសថៃ ដែល​នេះជាចំណូល​ដ៏ខ្ពស់​បំផុត​ ចាប់​តាំង​ពី​ប្រទេស​ថៃបាន​ចាប់​ផ្តើម​លើក​កម្ពស់​ក្នុងវិស័យនេះ។

បើយោងតាមទិន្នន័យ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ផលិតកម្មភាពយន្តបរទេសសរុបចំនួន ៤៦៦ ដែលមកពីប្រទេសចំនួន ៤០ បានមកថតនៅក្នុងប្រទេសថៃ ក្នុងនោះក្រុមផលិតភាពយន្តហូលីវូត និងហុងកុង ជាប់ចំណាត់ថ្នាក់ទីមួយដែលបានជ្រើសរើសប្រទេសថៃជាគោលដៅសម្រាប់ការថត។ ជាមួយគ្នានេះ បើយោងតាមស្ថិតិ សហរដ្ឋអាមេរិក គឺជាប្រភពដ៏សំខាន់បំផុតនៃក្រុមផលិតភាពយន្តបរទេស ដែលមានផលិតកម្មចំនួន ៣៤ នាំយកចំណូលចូលថៃជាង ៣.១ ពាន់លានបាត (ប្រមាណជាង ៨៨.២លានដុល្លារ) ហុងកុង​ស្ថិត​នៅ​លំដាប់​ទី​ពីរ​ ជាមួយ​ផលិតកម្ម​ចំនួន ១០ ដែល​នាំចំណូល​ចូលថៃបាន ៧០៧លាន​បាត (ប្រមាណ ២០លានដុល្លារ) ខណៈ ចិន អាឡឺម៉ង់ និងកូរ៉េខាងត្បូង គឺជាប្រភពកំពូលបីបន្ទាប់ទៀត។

គួរបញ្ជាក់ផងដែរថា ខេត្ត-ក្រុង ទាំង១០ក្នុងប្រទេសថៃ ដែលផលិតកម្មភាពយន្តបរទេសជ្រើសរើសថតច្រើនជាងគេក្នុងឆ្នាំ២០២៣ រួមមាន៖ ទីក្រុងបាងកក (Bangkok) ,ឈុនបុរី (Chonburi), សាមុត ប្រាកាន (Samut Prakan),ផាធុម ថានី (Pathum Thani) , ភូកេត (Phuket) , នុនថា បុរី (Nonthaburi) , ឈៀងម៉ៃ (Chiang Mai ) , ណាខន ផាធំ (Nakhon Pathom) , កា្រប៊ី (Krabi ) និង រ៉ាត់ឆា បុរី (Ratchaburi )៕

អត្ថបទ៖ លីនី
ប្រភព៖ Khaosod English